(បាត់ដំបង)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បើកកិច្ចប្រជុំ ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងជំរុញឲ្យអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ បន្តពង្រឹង សន្តិសុខសុវត្តិភាព ២០២៥ ជូនប្រជាពលរដ្ឋយើងឲ្យបានល្អជាងឆ្នាំមុន។
កិច្ចប្រជុំនេះបានធ្វើឡើង នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្រោមវត្តមានលោកសុខ លូ អភិបាលខេត្តនិងជាប្រធានប្រគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង និងមានការ អញ្ជើញចូលរួមពី លោក លោកស្រី អភិបាលខេត្ត លោកនាយករដ្ឋបាល លោក អភិបាល ក្រុង-ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត។ កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ធូ ភា អភិបាលរងខេត្តនិងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកឡើងថា យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងខេត្តបាត់ដំបង មានមុខសញ្ញាក្មេងទំនើងកំពុងគ្រប់គ្រងបច្ចុប្បន្នចំនួន៤៧៨នាក់ ស្មើនឹង១០០ក្រុម និងមុខសញ្ញាទោល១៤៩នាក់ ដែលធ្លាប់មានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ២៣៣នាក់, គ្រឿងញៀន២៨នាក់, បង្កការអុកឡុក១១៧នាក់,បង្ហោះម៉ូតូ៩៣នាក់ និងគេចសាលា៧នាក់ ក្នុងនោះបង្រ្កាបបានក្នុងខែធ្នូ ឆ្នាំ២០២៤ ចំនួន៦ករណី ឃាត់ខ្លួន២០នាក់។
សូមជម្រាបថា ក្មេងទំនើងនៅខេត្តបាត់ដំបង មានលក្ខណៈជាក្រុមតូចៗមិនបង្កបញ្ហាធ្ងន់ធ្ងរដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមនោះទេ។
លោក សុខ លូ បានណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរថែមទៀត។
លោក អភិបាលខេត្ត បានបន្តណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែន ត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក សុខ លូ ណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបន្តដាំដើមឈើបន្ថែមទៀតនៅតាមទីប្រជុំជន ទប់
ស្កាត់ និងលុបបំបាត់សំណង់អនាធិបតេយ្យ រុះរើរផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង រំដោះដីចំណីផ្លូវ បើកផ្លូវឱ្យបានទូលំទូលាយ ជំរុញការផ្សព្វផ្សាយលើកស្ទួយផលិតផលខ្មែរ ត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន។
លោកអភិបាលខេត្ត ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុក់ដាក់បង្រ្កាបក្មេងទំនើង គ្រឿងញៀន និងជំរុញរៀបចំឱ្យមានភូមិស ដែលជាភូមិគ្មានគ្រឿងញៀននៅតាមមូលដ្ឋាន។
លើសពីនេះលោក សុខ លូ បានណែនាំឱ្យស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ លើការងារគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានវាយតម្លៃថា ក្នុងរយៈពេលពេញមួយខែធ្នូ ឆ្នាំ២០២៤ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្ត និងនៅតំបន់ព្រំដែនពុំមានសកម្មភាព អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។
បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹម ដោយអនុវត្តគោលន
យោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខ សុវត្ថិភាពនៅគ្រប់មូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋយើងផងដែរ៕