(កំពង់ធំ)៖ លោកស្រី លំ គន្ធារី ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ​ដោយសារភ្លើងឆេះផ្ទះចំនួន៣គ្រួសារ ភូមិបត់ត្រង់ ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។

នាឱកាសនោះក្រៅពីការនាំយកអំណោយប្រគល់ជូនហើយនោះ លោកស្រី លំ គន្ធារី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះជូនប្រជាពលរដ្ឋ ៣គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះនេះ។

លោកស្រី ក៏បានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ពេលចេញដំណើរទៅណាមកណាត្រូវប្រុងប្រយ័ត្នពិនិត្យមើល ភ្លើងចង្ក្រាន ភ្លើងធូបទៀនឱ្យបានត្រឹមត្រូវ ដើម្បីការពារគ្រោះថ្នាក់ដែលកើតឡើងដោយយថាហេតុ។ សូមរក្សាសុខភាពឱ្យបានត្រឹមត្រូវ ព្រោះរដូវនេះជារដូវរងារធ្វើឱ្យប៉ះពាល់ដល់សុខភាព ហាត់ប្រាណឱ្យបានទៀងទាត់ និងរក្សាអនាម័យ ៣ប្រការគឺ(ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត)។

នាឱកាសនោះលោកស្រី លំ គន្ធារី បានប្រគល់អំណោយជូនប្រជាពលរដ្ឋ ៣គ្រួសារ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះអស់ទាំងស្រុង ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីវ មុង ភួយ សារុង ក្រមា ឆ្នាំង២ កន្ទេល១ តង់១ និងថវិកាមួយចំនួន។ ក្នុងនោះអនុសាខាស្រុកស្ទោងបន្ថែមជូនសម្ភារមាន៖ បាឡុង១ឆុត ប្រេងឆា ទឹកត្រី ទឹកស៊ីអីវ និងថវិកាមួយចំនួនផងដែរ។

តាមការបញ្ជាក់ពីលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានឱ្យដឹងថា ករណីភ្លើងឆេះផ្ទះអស់ ៣ខ្នងនេះ កើតឡើងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទីយប់ម្ចាស់ ផ្ទះមានឈ្មោះ ១. ឈ្មោះ ណូ ណាក់ ភេទប្រុស អាយ៥២ឆ្នាំ បណ្តាលឱ្យខូតខាតផ្ទះ ១ខ្នងទំហំ ៦ម៉ែត្រ×៧ម៉ែត្រ និងសម្ភារមួយចំនួន។ ២.ឈ្មោះ ស៊ន ណន ភេទស្រី អាយុ៦៨ឆ្នាំ ឆេះផ្ទះ១ខ្នង ទំហំ៧ម៉ែត្រ×៨ម៉ែត្រ ប្រក់ក្បឿង ខូចខាតសម្ភារមួយចំនួនទាំងស្រុង។ ៣.ឈ្មោះ អេល អុល ភេទប្រុស អាយុ៤០ឆ្នាំ ឆេះផ្ទះ១ខ្នងទំហំ៦ម៉ែត្រ×៧ម៉ែត្រ ប្រក់សង្កសី ខូចខាតសម្ភារៈមួយចំនួនទៀតផងដែរ៕