(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាពការស្តារប្រឡាយរំដោះទឹកខ្សែទី៣ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
នាឱាកសនោះលោក គួច ចំរើន បានថ្លែងថា កន្លងមកប្រឡាយរំដោះទឹកមានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះគឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្ដារប្រឡាយនេះ ក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសម្រួលផ្លូវទឹកនារដូវវស្សាផងដែរ។
បើតាមលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឱ្យដឹងថា ក្រុមការងារបានខិតខំធ្វើការលើរឿងនេះធ្វើយ៉ាងណាសម្រេចការងារឲ្យបានលឿនជាបន្តបន្ទាប់ទៅផែនការដែលថ្នាក់លើដាក់មក ។
សូមបញ្ជាក់ថា ការងារស្តារប្រឡាយនេះមានប្រវែងសរុបជាង ២ ២០០ម៉ែត្រ នៅក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕