(ភ្នំពេញ)៖ អង្គភាពសារព័ត៌មាន Fresh News សូមផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារ លោក សេក បរិសុទ្ធ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចំណុចអូរកណ្តៀរភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
នៅក្នុងលិខិតចូលរួមរំលែកទុក្ខរបស់លោក លឹម ជាវុត្ថា បានសរសេរថា «ក្នុងនាមអង្គភាពព័ត៌មាន Fresh News និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរន្ធត់យ៉ាងខ្លាំងដោយទទួលបានដំណឹងពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ថា មានករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរមួយ ស្ថិតនៅចំណុចអូរកណ្តៀរភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង បណ្តាលឲ្យលោក សេក បរិសុទ្ធ ដែលទីប្រឹក្សាព័ត៌មានភាសាអង់គ្លេសរបស់អង្គភាព Fresh News បានបាត់បង់ជីវិត។
ក្នុងនាមអង្គភាពព័ត៌មាន Fresh News និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព និងសូមឧទ្ធិស និងបួងសួង ដល់វិញ្ញាណក្ខន្ធរបស់លោក សេក បរិសុទ្ធ ដែលជាបុគ្គលិកដ៏ឆ្នើម និងប្រពៃមួយរូបរបស់អង្គភាព Fresh News សូមបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ»៕