(ឧត្តរមានជ័យ)៖ អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ ដែលស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បាននិមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រំសព្វសាធុការពរជ័យ សិរីសួស្តី ជ័យមង្គលជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលប៉ុស្តិ៍ ក៏ដូចជាប្រោះព្រំនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំនេះផងដែរ។
លោកវរសេនីយឯក គឹម សុផាត នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំ បានឱ្យដឹងថា ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំសកល២០២៥ លោកបាននិមន្តព្រះសង្ឃចំនួន៥អង្គដែលគង់នៅវត្តពុទ្ធសីមាបារមីភ្នំដងរ៉ែក ហៅវត្តអូរគ្រញូង ស្ថិតនៅលើកំពូលភ្នំដងរ៉ែក និមន្តប្រោះព្រំសុំសិរីសួស្តី ជ័យមង្គលតាមបែបប្រពៃណីសាសនាដល់ថ្នាក់ដឹកនាំនិងមន្ត្រីប៉ុស្តិ៍ទូទាំងអង្គភាព ក៏ដូចជាប្រោះព្រំនៅមាត់ច្រកទ្វារព្រំដែនអន្តរជាតិជាំនេះផងដែរ។
លោកនាយប៉ុស្តិ៍ គឹម សុផាត បានបញ្ជាក់ថា ចាប់តាំងពីលោកត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តតែងតាំងជានាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំ រយៈពេលជាង១ខែកន្លងមកនេះ ការងារចម្បងដែលលោកត្រូវធ្វើ គឺរៀបចំកែប្រែកន្លែងធ្វើការ កន្លែងស្នាក់នៅរបស់ថ្នាក់ដឹកនាំនិងមន្ត្រីប៉ុស្តិ៍ឱ្យបានសមរម្យ និងរៀបចំមាត់ច្រកទ្វារព្រំដែនប្រកបដោយសោភ័ណភាព ដោយដាក់ទង់ជាតិប្រទេសសមាជិកអាស៊ាន រៀបចំស្នាក់ការនៅមាត់ច្រកថ្មី រៀបចំដាក់អំពូលភ្លើងសូឡាបំភ្លឺនៅមាត់ច្រកព្រំដែន ក៏ដូចជាជួសជុលផ្លូវមុខប៉ុស្តិ៍ទៅកាន់លំនៅដ្ឋានប្រជាពលរដ្ឋប្រហែល៣០០ម៉ែត្រ ដោយបំពាក់អំពូលភ្លើងសូឡា២៥ដើមនៅសងខាងផ្លូវផងដែរ។
លោកវរសេនីយ៍ឯក គឹម សុផាត បានថ្លែងទៀតថា ស្របពេលដែលប្រជាពលរដ្ឋកំពុងចូលរួមអបអរសាទរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី២០២៥នេះ និងដើម្បីឆ្លងសមិទ្ធផលនានា ដែលលោកនិងមន្ត្រីបានខិតខំធ្វើកន្លងមក លោកក៏និមន្តព្រះសង្ឃមកសូត្រមន្ត្រប្រោះព្រំនៅអង្គភាព ក៏ដូចជាប្រោះព្រំនៅមាត់ច្រកទ្វាព្រំដែន ជាមួយនឹងការបួងសួងសុំសេចក្តីសុខសប្បាយដល់មន្ត្រីគ្រប់អង្គភាពដែលកំពុងបម្រើការងារនៅច្រកទ្វារព្រំដែន ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ព្រំដែនច្រកអន្តរជាតិជាំផងដែរ៕