(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា និងលោកស្រី ឈីវ ភិរម្យ ព្រមទាំងក្រុមការងារចុះជួយសង្កាត់វាលពង់ រួមទាំងអាជ្ញាធរនៃសង្កាត់វាលពង់ទាំងអស់ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី ស្ថិតនៅក្នុងបរិវេណវត្តព្រៃច្រាប សង្កាត់វាលពង់ ខេត្តកំពង់ស្ពឺ ចំនួន ០១ខ្នង ទំហំ៩ម៉ែត្រ គុណនឹង ២៤ម៉ែត្រ មានចំនួន ០៣បន្ទប់។

នាឱកាស លី ច័ន្ទតុលា បានថ្លែងថា នេះជាសមិទ្ធផលថ្មីមួយគួរជាទីមោទនរបស់ប្រជាពលរដ្ឋ ព្រះសង្ឃ និងសមណសិស្សគ្រប់ព្រះអង្គដែលគង់ស្នាក់នៅវត្តព្រៃច្រាប ក៏ដូចជាព្រះសង្ឃនៃសង្កាត់វាលពង់ទាំងអស់ ដែលសាលាបឋមពុទ្ធិកសិក្សានេះនឹងផ្ដល់ជាទីបណ្តុះបណ្តាលដល់ព្រះសង្ឃអំពីបាលី និងធម្មវិន័យ និងបង្ហាត់បង្រៀនក្មេងដែលគ្មានលទ្ធភាពសិក្សារៀនសូត្រនៅសាលាខាងក្រៅផង។ សាលាពុទ្ធិកបឋមសិក្សានេះនឹងក្លាយជាទីមានប្រយោជន៍សម្រាបបម្រើវិស័យសាសនា និងវិស័យអបរំ ក្នុងសង្កាត់វាលពង់ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា សាលាពុទ្ធិកបឋមសិក្សាដែលកំពុងបញ្ជុះបឋមសិលាសាងសង់នៅពេលនេះ ត្រូវបានប្រសិទ្ធិនាមហៅថា «សាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី» ដែលស្ថិតនៅក្នុងបរិវេណវត្តព្រៃច្រាប សង្កាត់វាលពង់ ខេត្តកំពង់ស្ពឺ ដែលមានទំហំ ៩ម៉ែត្រ គុណនឹង ២៤ម៉ែត្រ មានចំនួន ០៣បន្ទប់ កម្ពស់០១ជាន់ តាមការគ្រោងទុកនឹងត្រូវបញ្ចប់ការសាងសង់រួចរាល់នៅដើមខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។ សាលាពុទ្ធិកបឋមសិក្សានេះត្រូវបានផ្ដួចផ្ដើមសាងសង់ក្រោមការណែនាំរបស់លោក ហ៊ុន ម៉ានី អតីតអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឧបត្ថម្ភថវិកាផ្ទាល់ដោលោក លី ច័ន្ទតុលា និងលោកស្រី ឈីវ ភិរម្យ រួមទាំងក្រុមការងារចុះជួយសង្កាត់វាលពង់។

គូររំលឹកផងដែរថា ក្រៅពីការសាងសង់សាលាពុទ្ធិកបឋមសិក្សានេះ, លោក លី ច័ន្ទតុលា បានរួមចំណែកក្នុងកសាងសមិទ្ធផលនានាជាច្រើនមកហើយផងដែរនៅក្នុងសង្កាត់វាលពង់ និងឃុំតាំងយ៉ាប រួមមាន៖ សាងសង់អាគារសិក្សានៃសាលាបឋមសិក្សាខ្សាច់ពូន ទំហំ ៩ម៉ែត្រ គុណនឹង២៤ម៉ែត្រ មានចំនួន ០៣បន្ទប់, សាងសង់អាគារសិក្សានៃសាលាបឋមសិក្សាស្មាមពុក ទំហំ ៩ម៉ែត្រ គុណនឹង ២៤ម៉ែត្រ មានចំនួន ០៣បន្ទប់, សាងសង់បណ្ណាល័យសម្ដេចវិបុលបញ្ញា សុខ អាន តាំងយ៉ាប ស្ថិតនៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ, ជួសជុលឡើងវិញទាំងស្រុងនៃអគារសាលាបឋមសិក្សាវត្តក្ដី ទំហំ៩ម៉ែត្រ គុណនឹង ៤០ម៉ែត្រ មានចំនួន ០៥បន្ទប់, សាងសង់ក្ដារខៀនកិត្តិយឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នៅតាមសាលាទាំង១០ នៃសង្កាត់វាលពង់ រួមទាំងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជា៖ ការដាំសរឡាបំភ្លឺតាមផ្លូវ ជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ១៩១៤០ម តាមបណ្ដាភូមិនៃសង្កាត់វាលពង់ និងសមិទ្ធផលផ្សេងៗទៀតក្នុងវិស័យធម្មការ និងសាសនា នៅតាមវត្តអារាម ដែលនាំឱ្យមានការគាំទ្រ និងសាទរពីសំណាក់ប្រជាពលរដ្ឋនៃសង្កាត់វាលពង់ និងឃុំតាំងយ៉ាបទាំងអស់៕