(ភ្នំពេញ)៖ កម្មករនិយោជិតសប្បាយចិត្តនៅពេលប្រាក់ឈ្នូលអប្បបរមាសម្រាប់ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះតទៅ ហើយកម្មករនិយោជិត ចាត់ទុកថាគោលនយោបាយដំឡើងប្រាក់ឈ្នួលជារៀងរាល់ឆ្នាំនេះ បង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខកម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
កញ្ញា ហេង ផារី ជាកម្មករនិយោជិតនៅរោងចក្រ Marvel Garment រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ ចំនួន២០៨ដុល្លារ នេះមានសារសំខាន់ណាស់សម្រាប់ជីវភាពរបស់កម្មករនិយោជិត ត្បិតឡើងមិនច្រើនពេក តែតួលេខនេះអាចទទួលយកបាន ហើយវានឹងក្លាយជាចំណូលប្រចាំខែថ្មីបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ខ្លួន បន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់។
កម្មការិនីរូបនេះ សប្បាយចិត្តនៅពេលដែលប្រាក់ឈ្នួលថ្មី នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥នេះតទៅ ហើយថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ដែលទាំងនេះបង្ហាញឃើញយ៉ាងច្បាស់ពីការគិតគូរសុខទុក្ខរបស់ កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។
ដោយឡែកកញ្ញា សោម ស៊ីថូ ជាកម្មករនិយោជិតមកពីរាជធានីភ្នំពេញ បានបន្ដថា អរគុណរាជរដ្ឋាភិបាលកម្ពុជា សម្រាប់កាដូឆ្នាំថ្មី២០២៥ តាមរយៈការអនុវត្តនូវប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០២៥ ចាប់ពីខែមករា នេះតទៅ។ ប្រាក់ឈ្នួលថ្មីនឹងក្លាយជាបង្អែកថ្មីមួយទៀតសម្រាប់កម្មករនិយោជិត ហើយវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងជីវភាពរបស់ បងប្អូនកម្មករនិយោជិតនៅកម្ពុជា។ កញ្ញាមើលឃើញថា កត្តាសន្តិភាពទើបធ្វើអោយរាជរដ្ឋាភិបាលកម្ពុជាអាចដំឡើងប្រាក់ឈ្នួលបានយ៉ាងទៀតទាត់ ត្បិតឡើងមិនច្រើនលើសលុប តែតួលេខមួយនេះអាចទទួលយកបាន ហើយកម្មករសប្បាយចិត្ត។
រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរពីសុខទុក្ខដល់បងប្អូនកម្មករនិយោជិតជានិច្ចចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី មិនថាការដំឡើងប្រាក់ឈ្នួល ឬក៏អត្ថប្រយោជន៍ផ្សេងៗទៀតដែលកម្មករនិយោជិតទទួលបាននោះទេ។
រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃរាជរដ្ឋភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ក្នុងការដំឡើងប្រាក់ឈ្នួលអប្បរមា និងផ្តល់អត្ថប្រយោជន៍ផ្សេងៗយ៉ាងសមរម្យ និងទៀងទាត់ដល់បងប្អូនកម្មករនិយោជិតនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា។
សូមជម្រាបដែរថា ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរសម្រាប់ឆ្នាំ២០២៥ ឡើងបាន ៤ដុល្លារបន្ថែមទៀត ដែលធ្វើឲ្យប្រាក់ឈ្នួលសរុបកើនបាន ២០៨ដុល្លារ ក្នុងមួយខែ។ ការដំឡើងប្រាក់ឈ្នួល ៤ដុល្លារបន្ថែមសម្រាប់វិស័យនេះ គឺបន្ទាប់ពីមានកិច្ចប្រជុំត្រីភាគីចុងក្រោយ តាមរយៈការបោះឆ្នោត សំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ២០៦ដុល្លារ។ បន្ថែមពីនោះ ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត បានសម្រេចបន្ថែម ២ដុល្លារទៀត ដូច្នេះប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ គឺ២០៨ដុល្លារ៕