(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា មកដល់ពេលនេះប្រជាពលរដ្ឋកាន់តែយល់ដឹងពីការប្រើប្រាស់ផ្លូវល្បឿងលឿន ភ្នំពេញ-ព្រះសីហនុ ហើយស្ថាននៃការធ្វើដំណើរទាំងនៅច្រកចូល និងច្រកចេញ មិនមានការកកស្ទះខ្លាំងទេ ក្នុងឱកាសឆ្លងឆ្នាំសកល២០២៥នេះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥នេះ លោក ផន រឹម បានបញ្ជាក់ទៀតថា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន ២១.៥៦៦គ្រឿង ខណៈនៅច្រកចេញមានចំនួន ២១.៥៨៧គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៣ករណី (គ្មានអ្នកស្លាប់ និងរបួសទេ)។
ដោយឡែកនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ចំនួនចរាចរណ៍នៅច្រកចូលមានចំនួន ២៧.១៦២គ្រឿង ខណៈនៅច្រកចេញមានចំនួន ២៨.៥០២គ្រឿង។ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ករណី របួសម្នាក់ និងគ្មានករណីស្លាប់ទេ។
លោកបានឱ្យដឹងទៀតថា ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤-០១ ខែមករា ឆ្នាំ២០២៥ ចំនួនចរាចរណ៍មានការធ្លាក់ចុះបន្តិច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារប្រជាពលរដ្ឋកាន់តែមានជម្រើសច្រើនក្នុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តតំបន់មាត់សមុទ្រទិសនិរតី រួមទាំងផ្លូវជាតិលេខ៤ ត្រូវបានស្តារ និងលើកកម្រិតគុណភាពកាន់តែប្រសើរ និងជិតរួចរាល់។ ដោយឡែកទីកម្សាន្តមួយចំនួនទៀតក្រៅពីខេត្តព្រះសីហនុ ដូចជាកំពត និងកែប ជាដើម ក៏មានផ្លូវធ្វើដំណើរកាន់តែស្រួល និងឆាប់រហ័ស ដូចជា៖ ផ្លូវជាតិលេខ៤១, ផ្លូវជាតិលេខ៣, ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ជាដើម។
គួរបញ្ជាក់ថា ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តែងអំពាវនាងដល់អ្នកបើកបរទាំងអស់ សូមគោរពបទបញ្ញត្តិនៃការប្រើប្រាស់ផ្លូវល្បឿនលឿន និងច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន។ ការពារសុវត្ថិភាពអាយុជីវិតអ្នក និងដទៃសូមបើកបរដោយទំនួលខុសត្រូវ៕