(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះសមានចិត្តដ៏ថ្លៃថ្លានៃការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការទទួលមរណភាពរបស់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាភរិយា។
ក្នុងលិខិតថ្លែងអំណរគុណគោរពផ្ញើជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចូលរួមរំលែកទុក្ខលំបាកទាំងឡាយរបស់ខ្ញុំបាទ និងក្រុមគ្រួសារ។
ក្នុងសារលិខិតនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងក្រុមគ្រួសារ គោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និង សូមប្រកបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៥២នាទីល្ងាច នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។
ការបាត់បង់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់នូវភរិយា ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុលលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនានៃយើងជារៀងរហូតមក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានសម្តែងនូវសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះមរណភាពលោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីម។
សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ចាត់ទុកមរណភាពរបស់លោកស្រី ជាការបាត់បង់ភរិយា ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយ ជាទីស្រលាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិក ដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុល លើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនាជារៀងរហូតមក៕