(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសមានចិត្តដ៏ថ្លៃថ្លានៃការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ និងក្រុមគ្រួសារ មានទុក្ខយ៉ាងក្រៀមក្រំ ចំពោះការទទួលមរណភាពរបស់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាភរិយា។
ក្នុងលិខិតថ្លែងអំណរគុណគោរពផ្ញើជូនសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងចូលរួមរំលែកទុក្ខលំបាកទាំងឡាយរបស់ខ្ញុំបាទ និងក្រុមគ្រួសារ។
ក្នុងសារលិខិតនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងក្រុមគ្រួសារ គោរពថ្លែងអំណរគុណ និងសូមគោរពជូនពរ សម្តេចទាំងទ្វេ ព្រមទាំងបុត្រា-បុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និង សូមប្រកបតែសេចក្តីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៥២នាទីល្ងាច នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។
ការបាត់បង់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់នូវភរិយា ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុលលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនានៃយើងជារៀងរហូតមក។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំជាមួយនាយឧត្តមសេនីយ៍ ម៉ឹង សំផន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា ម្តាយ ជីដូនជាទីគោរពស្រឡាញ់បំផុត មិនអាចកាត់ថ្លៃ បានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គម្រូមួយរូប ដែលតែងតែខិតខំចិញ្ចឹម បីបាច់ថែរក្សា អប់រំ ទូន្មាន បុត្រធីតា និងចៅៗ រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ឆ្នើមរបស់សង្គមជាតិ។
សម្តេចតេជោ បានគូសបញ្ជាក់ថា លោកស្រីធម្មសទ្ធាភិរ័ត្នសិរី វិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ បានធ្វើពលិកម្មសព្វបែបយ៉ាង ដើម្បីរួមចំណែកគាំពារ និង ជ្រោមជ្រែង ឯកឧត្តមនាយឧត្តមសេនីយ៍ ក្នុងការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមប្រកបដោយឆន្ទៈមនសិការដ៏ មុះមុតក្នុងបុព្វហេតុជាតិមាតុភូមិ។ លើសពីនេះទៅទៀត មរណភាពរបស់លោកស្រី គឺជាការបាត់បង់នូវពុទ្ធ សាសនិកមួយរូប ដែលមានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ដែលបានបូជាកម្លាំងកាយចិត្ត ធនធាន និងពេលវេលា ដើម្បីរួមចំណែកក្នុងការងារមនុស្សធម៌ និងទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា ។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧទ្ទិសបួងសួង សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់លោកស្រីធម្មសទ្ធាភិរ័ត្នសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភព គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕