(ភ្នំពេញ)៖ ក្រុមការងារក្រសួងធនធានទឹក ក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី លឹម គានហោ សហការជាមួយលោក ឃួង ស្រេង អភិបាលរងក្រុង និងអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បាន និងកំពុងបន្តប្រតិបត្តិការចុះជួយអន្តរាគមន៍ទប់ទឹក នៃការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលអាចមានការគំរាមកំហែង លិចលង់ភូមិឋាន របស់អ្នកស្រុកនៅតំបន់នោះ។

យ៉ាងណាក៏ដោយអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា ដែលកំពុងហូបបាយកញ្ចប់ជាមួយក្រុមការងារ បានបញ្ជាក់ថា «ស្ថានភាពនៅមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ដោយពេលនេះក្រុមការងាររបស់ក្រសួងធនធានទឹក មន្ទីរធនធានទឹកក្រោមការបញ្ជាផ្ទាល់ពីលោករដ្ឋមន្រ្តី លឹម គានហោ សហការជាមួយអាជ្ញាធររាជធានីភ្នំពេញដឹកនំាដោយលោក ឃួង ស្រេង អភិបាលរង និងកម្លាំងរបស់ខ្ញុំរួមមាន៖ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ កម្លាំងសណ្តាប់ធ្នាប់ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានរួមគ្នាដើម្បីកាយទប់ស្តាត់នៃ ការហូរច្រោះតាមរុននាគ នៃទំនប់សណ្តរ»។ បើតាមលោកអភិបាលខណ្ឌ គិតត្រឹមវេលាម៉ោងប្រមាណ៧៖១០នាទីយប់ថ្ងៃនេះទឹកហាក់បានស្រកបន្តិចហើយ ប៉ុន្តែក្រុមការងារទាំងអស់ នឹងបន្តនៅទីនេះរហូតដល់បញ្ចប់ប្រតិបត្តិការសម្រាប់គ្រោះធម្មជាតិមួយនេះ។

នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានភាពទឹកហូរច្រោះទំនប់សណ្តរ ស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ មានសភាពមិនទាន់ធូរស្រាល ដោយសារទឹកកាន់តែហូរខ្លាំងបុកទំនប់ នៅសងខាងស្ទឹង ហើយទំនប់បង្ហៀរទឹកមួយកន្លែង ត្រូវបានកាត់ផ្តាច់ទាំងស្រុង។សម្រាប់គ្រោះធម្មជាតិមួយនេះត្រូវបានអ្នកនាំពាក្យក្រសួងធនធានទឹកលោក ចាន់ យុត្ថា ពន្យល់ថា នៅតាមស្ទឹងព្រែកត្នោត គឺមានទំនប់២ ត្រូវបានលើកនៅសងខាង ដែលហៅថា «ទំនប់សណ្តរ» ដើម្បីទប់ទឹកហូរចេញពីស្ទឹង លិចដីស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំកន្លងទៅ ស្ថានភាពទឹកមិនឡើងខ្លាំង ទើបតែនៅពេលនេះឡើងខ្លាំងធ្វើឲ្យដីទំនប់ដែលមិនសាំនឹងទឹកនោះ ត្រូវទឹកហូរច្រោះដែលគេហៅថា រុននាគ។ ទឹកបានហូរច្រោះពីតូចទៅធំឡើងៗ ប៉ុន្តែស្ថានភាពនេះមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ហើយលោករដ្ឋមន្រ្តី លឹម គានហោ កំពុងសហការជាមួយអាជ្ញាធរដឹកនាំកម្លាំងចុះទប់ស្កាត់ នៅកន្លែងនោះហើយ។

អភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា បានបញ្ជាក់ថា សង្កាត់មួយចំនួន រួមមាន៖ សង្កាត់ព្រៃស និងសង្កាត់ព្រៃវែងជាដើម បានរងផលប៉ះពាល់នៃទឹកហូរច្រោះ ប៉ុន្តែមិនទាន់ដឹកប៉ុន្មានគ្រួសារ ដែលត្រូវទឹកជន់លិចនៅឡើយទេ ដោយអាជ្ញាធរមូលដ្ឋានរបស់លោកកំពុងសួរនាំបន្ត។ បើតាមលោក នុត ពុធដារ៉ា សម្រាប់គ្រោះធម្មជាតិមួយនេះ លោក បានណែនាំឲ្យមន្រ្តីមូលដ្ឋានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាំងពីខែមុនមកម្ល៉េះ ស្តីការកើនឡើងទឹកនៅតាមស្ទឹងព្រែកត្នោត ដោយសារតែការហូរធ្លាក់ពីខាងខេត្តកំពង់ស្ពឺ។

ក្នុងនាមអាជ្ញាធរខណ្ឌ លោក នុត ពុធដារ៉ា បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ ដែលទទួលផលប៉ះពាល់ និងអាចទទួលផលប៉ះពាល់ដោយសារទឹកជំនន់នេះសូមជួយរើឥវ៉ាន់ និងទ្រព្យសម្បត្តិ ខណៈ​អាជ្ញាធរបានស្វែងរកទីទួលសុវត្ថិភាពមួយចំនួនជូនពួកគាត់។ លោក ចាន់ យុត្ថា បានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់២ថ្ងៃ ជាប់ៗគ្នា ក្នុងបរិមាណជាង២០០មីលីម៉ែត្រ បានបង្កឱ្យមានជំនន់​ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត ក៏មានការកើនឡើងយ៉ាងគំហកផងដែរ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ទំនប់សណ្តរស្ទឹងព្រែកត្នោតខាងលើ រងនូវការហូរច្រោះជារន្ធនាគ។

ចំពោះមុខបញ្ហានេះលោករដ្ឋមន្រ្តី លឹម គានហោ បានផ្អាកដំណើរបំពេញបេសកកម្ម ចុះទៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដើម្បីវិលមកដោះស្រាយបញ្ហាបង្វែរ​ទឹកជំនន់ នៅខេត្តកំពង់ស្ពឺ និងទប់ស្កាត់ការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលការពាររាជធានីភ្នំពេញ និងខេត្តកណ្តាលវិញ៕