(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតមីតបានឧបត្ថម្ភ ៤០,០០០ដុល្លារ ដល់សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីឲ្យសមាគមយកទៅសង់ផ្ទះ និងឧបត្ថម្ភបន្តឲ្យទៅអតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស។

លោកជំទាវឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត និងលោកឧកញ៉ា លាងឃុន ប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានអញ្ជើញស្វាគមន៍ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងប្រធានគណៈជំនាញ ដោយផ្ទាល់ក្នុងពិធីប្រគល់ថវិកា និងសំណេះសំណាលនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនជីប ម៉ុងគ្រុប។

លោកឧកញ៉ា លាង ឃុន បានលើកឡើងថា «ការឧបត្ថម្ភរបស់ក្រុមហ៊ុននេះ គឺដើម្បីថ្លែងអំណរគុណដល់អតីតយុទ្ធជនកម្ពុជា​ដែលបានធ្វើពលីកម្មការពារបូរណភាពទឹកដី នាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។ ដោយសារពលីកម្ម របស់ពួកគាត់នេះហើយ ទើបយើងខ្ញុំអាចប្រកបអាជីវកម្មឲ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ»
 
នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាបានថ្លែងផងដែរថា ការចូលរួមរបស់ក្រុមហ៊ុននេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកជាមួយសមាគម ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាក្នុងជួយលើកកម្រិតជីវភាព និងដោះស្រាយការលំបាករបស់អតីតយុទ្ធជនកម្ពុជា។

ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត តែងយកចិត្តទុកដាក់លើការងារអភិវឌ្ឍសង្គម ដោយចូលរួមឧបត្ថមអតីតយុទ្ធជន កងទ័ពដែលឈរជើងនៅតាមព្រំដែន និងជនរងគ្រោះដោយគ្រោះធម្មជាតិ ហើយក្រុមហ៊ុន ក៏បានចូលរួមចំណែកជាមួយមន្ទីពេទ្យគន្ធបុប្ផា កាកបាទក្រហមកម្ពុជា និងសមាគមនានាផងដែរ៕