(តាកែវ)៖ លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងមន្ដ្រីអាវុធហត្ថ២នាក់ទៀត ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនទៅធ្វើការសួរនាំ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ម្សិលមិញ ហើយបញ្ជូនមកសួរនាំបន្ដនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានបញ្ជាក់ថា កម្លាំងជំនាញអាវុធហត្ថលើផ្ទៃប្រទេសពិតជាបាននាំខ្លួនអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

អាវុធហត្ថដែលត្រូវបានយកទៅសួរនាំ ទី១៖វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ទី២៖អនុសេនីយ៍ទោ លុយ សារុំ នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ និងទី៣៖នាយចំណង់ ស៉ិន សុវណ្ណារិទ្ធ តួនាទីជំនួយការការិយាល័យគ្រឿងញៀនខេត្ត។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា កម្លាំងជំនាញពិតជាបាននាំខ្លួននាយអាវុធហត្ថទាំង៣នាក់ ទៅធ្វើការសួរនាំប្រាកដមែន ពាក់ព័ន្ធករណីគ្រឿងញៀន។ ប៉ុន្ដែចំពោះនីតិវិធីបន្ដយ៉ាងណានោះ លោកបញ្ជាក់ថា នៅពេលបញ្ចប់ការសួរនាំ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ។

យ៉ាងណាមិញ ក្រោយការឃាត់ខ្លួននៅខេត្តតាកែវ នាយអាវុធហត្ថទាំង៣នាក់នេះ ត្រូវបានបញ្ជូនទៅបន្ដសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល។

ប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា លោកវរសេនីយ៍ឯក ង៉ែត ចាន់ឌី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើសជាច្រើនឆ្នាំ ប៉ុន្ដែក្រោយមកបានផ្លាស់ឲ្យទៅទទួលផែនប្រតិបត្តិការវិញ។

នាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវទិសស្លោក ចំនួន៤ចំណុច សម្រាប់កងរាជអាវុធហត្ថដែលត្រូវតែអនុវត្ត រួមមាន៖

*ទី១៖ ប្រទេសជាតិ ត្រូវតែការពារ
*ទី២៖ ប្រជា ត្រូវតែបម្រើ
*ទី៣៖ ច្បាប់ត្រូវតែគោរព
*ទី៤៖ បទល្មើសត្រូវតែបង្ក្រាប៕