(កំពង់ចាម)៖ ប្រជាពលរដ្ឋប្រមាណជិត១០ម៉ឺននាក់ ដែលបានអញ្ជើញមកចូលរួមកម្សាន្ដក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប នៅខេត្តកំពង់ចាម ដែលបានបញ្ចប់ទៅប្រកបដោយសុខសុវត្ថិភាព មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។ លោក លឹម លន់ថៃ អភិបាលខេត្តកំពង់ចាម បានអះអាងថា ការអញ្ជើញចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករយ៉ាងនេះ ដោយសារតែប្រទេសកម្ពុជា មានសន្ដិភាព និងស្ថេរភាពនយោបាយ។
លោកអភិបាលខេត្តលោក លន់ លឹមថៃ បានអះអាងប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះយ៉ាងដូច្នេះថា «ការប្រារព្ធពិធីប្រណាំងទូក បណ្ដែតប្រទីប និងការកម្សាន្ដផ្សេង នៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់ទៅដោយបរិយាកាសល្អប្រសើរ ហើយមានប្រជាពលរដ្ឋចូលរួមប្រមាណ ជាង៧ម៉ឺនទៅ៨ម៉ឺននាក់ ដែលនេះសរបញ្ជាក់ឲ្យឃើញថា ប្រទេសកម្ពុជា មានសន្ដិភាព ស្ថេរភាពនយោបាយ មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចល្អប្រសើរ ពលរដ្ឋមានជីវភាពធូរធារ ហើយប្រជាពលរដ្ឋមានថវិកាគ្រប់គ្រាន់ សម្រាប់ទិញមធ្យោបាយផ្សេងៗ ដើម្បីធ្វើដំណើរកម្សាន្ដ យ៉ាងសប្បាយរីករាយ និងប្រកបដោយសុវត្ថិភាព មិនមានភាពភ័យខ្លាចអ្វីទាំងអស់»។
សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ខេត្តកំពង់ចាម បានប្រារព្ធពិធី ប្រណាំងទូក បណ្ដែតប្រទីត ដែលមានទូកចូលរួមប្រកួតជាង២០គូរ និងចំណុះទូកជាង១,៤០០នាក់ រីឯកម្លាំងនគរបាល និងអាវុធហត្ថ ត្រូវបានដាក់ពង្រាយជាច្រើននាក់ ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ ជូនប្រជាពលរដ្ឋ។ ពិធីប្រណាំងទូក បណ្ដែតប្រទីតនេះ មានទូកចូលរួមប្រកួត រួមមាន ទូកខ្នាតវែង ១១គូរ, ទូកខ្នាតខ្លី ១០គូរ ហើយចំណុះទូកទាំងអស់មានប្រមាណជាង១,២០០នាក់ ទៅ១,៤០០នាក់ ហើយការប្រណាំងទូកនេះ គឺធ្វើឡើងតែមួយថ្ងៃតែប៉ុណ្ណោះ ប៉ុន្ដែការតាំងពិព័រណ៌ ឬការកម្សាន្ដផ្សេងៗ ធ្វើឡើងរយៈពេល២ថ្ងៃ ដែលនឹងបញ្ចប់ នៅយប់ថ្ងៃទី១៦ ខែតុលាម្សិលមិញនេះ៕