(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានផ្ញើសាររំលែកទុក្ខជូនចំពោះលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាភរិយារបស់លោក។
លោកស្រី យស់ ស៊ីមន បានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៦:៥២នាទីល្ងាច នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយជរាពាធ។
ការបាត់បង់លោកស្រីអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់នូវភរិយាដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី និងជាការបាត់បង់ម្តាយ ម្តាយក្មេក ជីដូន ប្រកបដោយព្រហ្មវិហារធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ទាំងអស់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុល លើកតម្កើងនិងទ្រទ្រង់ដល់ព្រះពុទ្ធសាសនានៃយើងជារៀងរហូតមក៕