(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត ផ្តល់អាហាររូបករណ៍ថ្នាក់ឧត្តមសិក្សា ១០០,០០០ ដុល្លារ ដល់យុវជនកម្ពុជាតាមរយៈគម្រោង «អនាគតខ្ញុំ» របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលយុវជនកម្ពុជាដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិចំនួន ១,៦១៧នាក់ បានចូលរួមប្រលងយកអាហាររូបករណ៍នេះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦។
បេក្ខជនចំនួន ១០០នាក់ នឹងត្រូវបានជ្រើសរើសដើម្បីផ្តល់អាហាររូបករណ៍ ឲ្យសិក្សាគ្រប់មុខជំនាញ ដែលពូកគេស្រឡាញ់នៅសាកលវិទ្យាល័យ នានានៅកម្ពុជា។
លោក ភីតធឺ លាង អគ្គនាយកក្រុមហ៊ុនខ្មែរប្រ៊ូវើរី លីមីតធីត បានថ្លែងថា «យុវជនជាទំពាំងស្នងឫស្សី ដូច្នេះខ្ញុំសង្ឃឹមថា ការចូលរួមផ្តល់អាហាររូបករណ៍របស់ក្រុមហ៊ុននេះ នឹងជួយឲ្យយុវជនកម្ពុជា មានឱកាសសម្រេចក្តីស្រមៃរបស់ខ្លួន និងជួយអភិវឌ្ឍធនធានមនុស្ស ក្នុងប្រទេសកម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍប្រទេសជាតិទាំងមូល»។
លោក បានផ្តល់អាហាររូបករណ៍ថ្នាក់ឧត្តមសិក្សាតាមរយៈគម្រោង «អនាគតខ្ញុំ» រយៈពេលបីឆ្នាំមកហើយ។ ក្រៅពីគម្រោងនេះ ក្រុមហ៊ុនក៏បានផ្តល់អាហាររូបករណ៍ ឲ្យយុវជនកម្ពុជាតាមរយៈ សមាគមន៍អាហាររូបករណ៍ផ្សេងៗ និងឧបត្ថម្ភបង់អង្គុយ និងជួយជួសជុល កែលម្អបរិវេណសាលា និងសាកលវិទ្យាល័យផ្សេងៗជារៀងរាល់ឆ្នាំផងដែរ។
ក្រុមហ៊ុនខ្មែរប្រ៊ូរើវី លីមីតធីត ត្រូវបានវិនិយោគដោយខ្មែរ១០០% និងផលិតស្រាបៀរកម្ពុជាដែលមានគុណភាពខ្ពស់ស្របតាមបទដ្ឋានអន្តរជាតិ។ ស្រាបៀរកម្ពុជាធ្លាប់ឈ្នះមេដាយអន្តរជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយរោងចក្រផលិតស្រាបៀរកម្ពុជាក៏ទទួលបានវិញ្ញាបនបត្រISO ចំនួនពីរផងដែរ៕