(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំង២៥ ខេត្ដ-ក្រុងត្រូវរាយការណ៍មកក្រសួង ឬស្ថាប័នពាក់ព័ន្ធភ្លាមៗ បើដឹងថាមានទីតាំង ឬឱសថស្ថានណាមួយ មានលក់នូវឱសថក្លែងក្លាយ យើងនឹងចុះទៅបិទភ្លាមអាជីវកម្មនោះភ្លាមៗ និងចាប់បានផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ កុំចាប់តែឱសថក្លែងក្លាយ និងបុគ្គលប្រព្រឹត្រ្តខុសរួចខ្លួននោះ។
លោករដ្ឋមន្ដ្រីបានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនត្រួតពិនិត្យ ឱសថចំនួន២គ្រឿង ពីគម្រោងនិងសេវាកម្មរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា (UNOPS) នៅថ្ងៃទី១៧ ខែតុលានេះ។
លោកលើកឡើងថា «សូមប្រជាពលរដ្ឋ ចូលរួមជាមួយនឹងក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការក្ដៅ ធ្វើយ៉ាងណាចាប់ជនល្មើស មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ឲ្យបាន ព្រោះកន្លងមក គឺមិនដែលចាប់បានទេ បានតែឱសថ ដូច្នេះសូមប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធផ្សេងទៀត ចូលរួមយ៉ាងសកម្មផង ពិសេសត្រូវមានភាពស្មោះត្រង់ ប្រកបដោយឆន្ទៈខ្ពស់ ក្នុងការការពារសុខភាព ប្រជាពលរដ្ឋយើងជាធំ»។
ទន្ទឹមនឹងនោះ លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ បានថ្លែងថា «សូមផ្ញើជាសារដល់ជន ដែលផលិតឱសថក្លែងក្លាយ និងអ្នកចែកចាយឱសថក្លែងក្លាយទាំងអស់ ត្រូវបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន បន្ដទៀតទៅ ព្រោះថាពេលនេះ យើងនឹងបើកយុទ្ធនាការក្ដៅ និងសកម្មគ្រប់ពេលវេលាបន្ថែមទៀត ដើម្បីចាប់ជនល្មើសមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ឲ្យបាន ដោយមិនអនុញ្ញាតឲ្យអ្នកចាយចែក ឱសថនោះរួចខ្លួនឡើយ ព្រោះវានឹងបន្ដបំផ្លាញសុខភាព ប្រជាពលរដ្ឋយើង»។
គួរបញ្ជាក់ថា ម៉ាស៊ីនត្រួតពិនិត្យឱសថ ២គ្រឿងនេះ ជាជំនួយបានមកពីគម្រោង និងសេវាកម្មរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា UNOPS ផ្តល់ជូនក្រសួងមហាផ្ទៃ នេះមានតម្លៃជិត៩ម៉ឺនដុល្លារ៕