(ប៉ៃលិន)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងជំរុញឲ្យអាជ្ញាធរនៅមូលដ្ឋានយកចិត្តទុកដាក់ផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋឲ្យយល់ដឹង បានកាន់តែច្បាស់អីពីគ្រោះថ្នាក់មីន នៅតាមកន្លែងដែលពួកគេរស់នៅ និងប្រកបរបរធ្វើស្រែចំការ ចិញ្ចឹមជីវិត។
ការថ្លែងជំរុញបែបនេះ បានធ្វើឡើងក្នុងពេលដែលលោកទេសរដ្ឋមន្រ្តី ចុះសំណេះសំណាល និងសុខទុក្ខប្រជាពលរដ្ឋ កំពុងរស់នៅភូមិបុស្អំ ឃុំស្ទឹងកាច់ស្រុក សាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ។ ក្នុងពេលសំណេះសំណាលនេះ លោកទេសរដ្ឋ មន្រ្តី សេរី កុសល បានរំលឹកឡើងវិញនូវប្រវត្តិសង្រ្គាមរវាងខ្មែរ និងខ្មែរ ជាហេតុបន្សល់ឲ្យមានគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ ឌមិនទាន់ផ្ទុះជាច្រើនក្នុងផ្ទៃដីរបស់កម្ពុជា។
លោក សេរី កុសល បានពន្យល់ប្រជាពលរដ្ឋថា លទ្ធផលសង្រ្គាមនេះ មិនត្រឹមតែធ្វើឲ្យប្រទេសជាតិត្រូវខ្ទេចខ្ទាំវិនាសអន្តរាយនោះទេ បើ ទោះបីសង្រ្គាមត្រូវបានបញ្ចប់ក្រោម គោលនយោបាយឈ្នះឈ្នះ របស់សម្តេចអស់រយៈពេលច្រើនឆ្នាំទៅហើយក្តី តែសមិទ្ធផលកើតចេញពីភ្លើងសង្រ្គាម គឺគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែបន្តសម្លាប់ប្រជាពលរដ្ឋខ្មែរ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ រងគ្រោះខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់ជីវិតក៏មាន។
លោកទេសរដ្ឋមន្រ្តី សេរី កុសល បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលរស់នៅលើដែនដីអតីតសមរភូមិសង្រ្គាមឲ្យមានការប្រយ័ត្នប្រយែង ជាពិសេសមិនត្រូវទៅកាប់ឆ្កាដីបង្កបង្កើនផល នៅលើដីមិនទាន់បោសសំអាតមីននោះឡើយ។
សូមរំលឹកថា នៅក្នុងរយៈពេលពីរថ្ងៃនេះ ក្នុងនាមជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា លោកទេសរដ្ឋមន្រ្តី សេរី កុសល បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមមុខខ្ពស់ដោយសារ គ្រាប់មីន ក៏ដូចជាប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់មីន និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ។
ក្នុងឱកាសសាកសួរសុខទុក្ខនោះ លោកទេសរដ្ឋមន្រ្តី សេរី កុសល ក៏បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះទាំងនោះផងដែរ៕