(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានកិត្តិយសខេត្តឧត្តរមានជ័យផងនោះ នៅរសៀលថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១៦នេះ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងរបស់ប្រើប្រាស់មួយចំនួនធំជាអំណោយរបស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ១៦០គ្រួសារនៅក្នុងស្រុកចុងកាល់ ដែលរង់គ្រោះដោយជំនន់ទឹកភ្លៀង។
ក្នុងពេលចែកអំណោយនោះ លោក ស ថាវី បានថ្លែងប្រាប់ប្រជាពលរដ្ឋពីការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
លោក ស ថាវី បានថ្លែងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះធម្មជាតិ និងតែងជំរុញឲ្យអាជ្ញាធរចុះដោះស្រាយទុក្ខកង្វល់ និងផលលំបាកកើតចេញពីគ្រោះធម្មជាតិឲ្យបានទាន់ពេលវេលា ដោយគ្មានការរើសអើង ឬប្រកាន់និន្នាការនយោបាយនោះឡើយ។
បន្ទាប់ពីសំណេះសំណាល លោក ស ថាវី ក៏បានចែកអំណោយជានិមិត្តរូបជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន២៥គីឡូក្រាម មីមួយកេះ ត្រីខ ១០កំប៉ុង ទឹកស៊ីអ៉ីវ ៦ដប មុង១ ភួយ១ ក្រម៉ា១ និងសារ៉ុង ១ផងដែរ៕