(កំពត)៖ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឲ្យដឹង នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះថា៖ សម្រាប់ខេត្តកំពត នៅថ្ងៃឆ្លងឆ្នាំសាកល ទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឈានចូលឆ្នាំ២០២៥ មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋសម្រុកចូលមកសម្រាកកំសាន្ត តាមរមណីយដ្ឋាន សហគមន៍ គោលដៅទេសចរណ៍ និងក្នុងភូមិសាស្ត្រនៃក្រុងកំពត ប្រមាណ ១៩៨.៥០១នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិចំនួន ១៩៧.៨៤៨នាក់, ភ្ញៀវទេសចរអន្តរជាតិចំនួន ៦៥៣នាក់។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តឲ្យដឹងទៀតថា ចំពោះស្ថានភាពទូទៅ នៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្ត មានភាពល្អប្រសើ មិនមានភាពប្រក្រតីណាមួយ កើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ។ ចំពោះសេវាម្ហូបអាហារ ក្នុងឱកាសនៃថ្ងៃឆ្លងឆ្នាំសកល ២០២៤ ឈានចូល ២០២៥ ក៏មិនមានការតម្លើងថ្លៃណាមួយ ដែលមិនសមរម្យនោះទេ។

ចំណែកការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែងទូទាំងខេត្ត មានស្ថានភាពល្អប្រសើរ ដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ។

សរុបមកវិញស្ថានភាពទូទៅ គឺដំណើរការបានល្អ ដោយយោងតាមការណែនាំ និងប្រសាសន៍ផ្ដាំផ្ញើរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលធ្វើឲ្យប្រតិបត្តិករទេសចរណ៍ទាំងអស់នោះ មានការយល់ដឹង ចាប់អារម្មណ៍ និងយកចិត្តទុកដាក់អនុវត្តតាមប្រសាសន៍របស់លោកអភិបាលខេត្តកំពត ដោយបម្រើភ្ញៀវទេសចរណ៍បានយ៉ាងល្អប្រសើរ នាឱកាសឆ្លងឆ្នាំសកលខាងលើ។

គួរបញ្ជាក់ថា តាំងពីព្រឹកព្រហាម រហូតមកដល់ពេលនេះ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ  កាន់តែសម្រុកចូលមកកំសាន្តលេង នៅតំបន់ទេសចរណ៍ សហគមន៍ និងរមណីយដ្ឋានផ្សេងៗ ក្នុងភូមិសាស្ត្រខេត្តកំពត មានចំនួនកាន់តែច្រើន ផ្លូវមួយចំនួននៅក្នុងក្រុងកំពត និងផ្លូវតំបន់មួយចំនួនផ្សេងទៀត មានការកក់ស្ទះផងដែរ៕