(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា មានបីតិសោមនស្សរីករាយក្នុងចិត្តឥតឧបមា ដោយទទួលបាននូវសារលិខិតជូនពររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុការពរជ័យដល់សម្តេច នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ ។
ឆ្លៀតក្នុងអភិលក្ខិតកាលដ៏វិសេសវិសាលថ្លៃថ្លានេះ សម្តេចរដ្ឋសភាធិបតី សូមថ្លែងនូវអំណរគុណជាអនេកប្បការចំពោះ សារលិខិតជូនពររំលេចដោយខ្លឹមសារដ៏ជ្រាលជ្រៅ និងពាក្យពេចន៍កោតសរសើរដោយសុទ្ធចិត្តចំពោះរូបនាងខ្ញុំ ដែលជាការលើកទឹកចិត្ត និងផ្តល់នូវកិត្តិយសដ៏ធំធេង ក្នុងបេសកកម្មដឹកនាំស្ថាប័នរដ្ឋសភាដោយប្រកាន់ខ្ជាប់ នូវគោលការណ៍សុចរិតភាព គុណាធិបតេយ្យ តម្លាភាព និងទំនួលខុសត្រូវខ្ពស់ តាមរយៈការពង្រឹងតួនាទី និង ការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភា កសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យឆ្ពោះទៅមុខលើគ្រប់វិស័យ នាំមកនូវការ លើកកម្ពស់វិស័យការទូតសភាទាំងក្នុងតំបន់ និងសកលលោក លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរព សិទ្ធិមនុស្ស ការពង្រឹងនីតិរដ្ឋ ស្ថិរភាពនយោបាយ សុខសន្តិភាព ដើម្បីជាឧត្តមប្រយោជន៍ និងកិត្យានុភាពជូន ជាតិ និងប្រជាជនកម្ពុជា។
សម្តេចសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សា ព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការជូនចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕