(ភ្នំពេញ)៖ រយៈពេល២ថ្ងៃនេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីចំនួន២កន្លែង ស្ថិតក្បែរផ្លូវទំនប់ទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយឃាត់ជនសង្ស័យ៦នាក់ និងដកហូតទូហ្គេមចំនួន៦គ្រឿង។
ប្រតិបត្តិការចុះបង្ក្រាបកន្លែងហ្គេមបាញ់ត្រីខាងលើរបស់កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋមួយចំនួនលើកឡើងថា នេះមកកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ និងកម្លាំងនគរបាលខណ្ឌឬស្សីកែវ របស់លោក ទៀង ចាន់សារ មិនបានចុះបង្ក្រាបដោយទុកឲ្យកើតមាន បែបនេះ ដែលអាចបង្កជាបទល្មើសផ្សេងៗកើតមានឡើង។
លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៦នេះ កម្លាំងនគរបាលរបស់លោក បានដកហូតទូរហ្គេមបានចំនួន៦គ្រឿង និងឃាត់ជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានម្នាក់ ជាម្ចាស់ទីតាំងហ្គេមខាងលើ ដែលមានឈ្មោះយាយ នី។
សម្រាប់ទូហ្គេម និងសម្ភារពាក់ព័ន្ធទាំងអស់ត្រូវបានយកទៅរក្សាទុកនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីត្រៀមវាយកម្ទេចចោលតែម្ដង៕