(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធិពលខេមរភូមិន្ទ បានជួប ទទួលស្វាគមន៍ មេបញ្ជាការកងនាវាលេខ២៣ នៃកងទ័ពរំដោះប្រជាជនចិន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ខណៈលោកវរសេនីយ៍ឯកពិសេស WANG HUNGLI មេបញ្ជាការកងនាវាការពារលេខ២៣ នៃកងទ័ពរំដោះប្រជាជនចិន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

នាវាចម្បាំងកងទ័ពជើងទឹករំដោះប្រជាជនចិន ដែលបានចូលចតនៅកំពង់ផែព្រះសីហនុ ទាំងបីគ្រឿងនោះ រួមមាន ១. នាវាឈ្មោះ HULL NUM លេខនាវា៥៣១ បណ្តោយប្រវែង ១៣៥ ម៉ែត្រ ទទឹងប្រវែង១៦ ម៉ែត្រ ទម្ងន់ផ្ទុក៤០០០ តោន និងស៊ីជម្រៅទឹក៦.៥ ម៉ែត្រ មនុស្សលើនាវានេះមានចំនួន២៨៧ នាក់ និងដឹកនាំបញ្ជាដោយ លោកវរនាវីឯក DONG QIAN មេបញ្ជាការនាវា ។ ទី២. នាវាឈ្មោះ HULL NUM លេខនាវា៥២៩ បណ្តោយប្រវែង១៣៥ ម៉ែត្រ ទទឹងប្រវែង១៦ ម៉ែត្រ ទម្ងន់ផ្ទុក៤០០០ តោន និងស៊ីជម្រៅទឹក៦.៥ ម៉ែត្រ មនុស្សលើនាវានេះមានចំនួន២៥៦ នាក់ និងដឹកនាំបញ្ជាដោយ លោកវរនាវីឯក ZHAO QINGLIANG មេបញ្ជាការនាវា និងទី៣ នាវាឈ្មោះ HULL NUM លេខនាវា៨៩០ បណ្តោយប្រវែង១៧៨ ម៉ែត្រ ទទឹងប្រវែង២៥ ម៉ែត្រ ទម្ងន់ផ្ទុក២០៥០០ តោន និងស៊ីជម្រៅទឹក៨.៧ ម៉ែត្រ មនុស្សលើនាវានេះ មានចំនួន ២០៦នាក់៕