(ភ្នំពេញ)៖ ក្រុមហ៊ុន AirAsia នាថ្មីៗនេះ បានប្រកាសផ្តល់ជូន ការធ្វើដំណើរឥតគិតថ្លៃដល់ ម្ចាស់មេដាយកីឡាប៉ារ៉ាឡាំពិក សម្រាប់អត្តពលិកអាស៊ាន នៅក្នុងកម្មវិធីសមោសរនៅមជ្ឈមណ្ឌល Asian Aviation Centre of Excellence (AACE)។ រង្វាន់នេះ គឺអត្តពលិកដែលឈ្នះមេដាយមាស ទទួលបានការធ្វើដំណើរ ឥតគិតថ្លៃពេញមួយជីវិត ខណៈអ្នកដែល ឈ្នះមេដាយប្រាក់ និងសំរឹទ្ធទទួលបានការធ្វើដំណើរ ឥតគិតថ្លៃរយៈពេលប្រាំឆ្នាំ និង បីឆ្នាំតាមលំដាប់។
ម្ចាស់មេដាយទាំងអស់ត្រូវបានផ្តល់ជូនកាត AirAsia BIG មាស ប្រាក់ និង សំរឹទ្ធ ដែលអាចឱ្យពួកគាត់ធ្វើដំណើរ ទៅទិសដៅជាង ១២០ នៅក្នុងបណ្តាញហោះហើរ ដ៏ធំទូលាយរបស់ AirAsia និង AirAsia X ក្នុងតំបន់អាស៊ី អូស្ត្រាលី មជ្ឈឹមបូព៌ា និង អាហ្វ្រិក។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក Tony Fernandes នាយកប្រតិបត្តិ AirAsia Group លោក Datuk Kamarudin Meranun នាយកប្រតិបត្តិ AirAsia X លោកស្រី Aireen Omar នាយកប្រតិបត្តិ AirAsia Berhad និង លោក Logan Velaitham នាយកប្រតិបត្តិ AirAsia Singapore ព្រមទាំងមន្ត្រីរាជការ និងមន្រ្តីផ្នែកកីឡាមកពីតំបន់អាស៊ាន ជាច្រើនរូបផងដែរ។
លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group បានឱ្យដឹងថា «ជាថ្មីម្តងទៀត អត្តពលិកអាស៊ាន បានធ្វើឱ្យតំបន់នេះទាំងមូល មានមោទនភាពដោយការបង្ហាញឱ្យឃើញថា យើងអាចក្លាយជា គូប្រជែងដ៏ស្វិតស្វាញមួយ នៅលើឆាកពិភពលោក ហើយនេះគឺជាភាពរីករាយរបស់ខ្ញុំ ក្នុងការផ្តល់ជូនកីឡាករ កីឡាការិនីទាំងអស់នូវ ការធ្វើដំណើរ ឥតគិតថ្លៃ ឆ្លើយតបទៅនឹងសមិទ្ធិផល ដ៏អស្ចារ្យរបស់ពួកគេ។
អត្តពលិកប៉ារ៉ាបានបញ្ជាក់ឱ្យយើងឃើញថា គ្មានទេដែនកំណត់សម្រាប់មនុស្សជាតិ គ្មានទេឧបសគ្គដែលអាចរារាំងយើង ពីការឈោងចាប់ក្តីសុបិន នៅពេលដែលយើងមាន ការយកចិត្តទុកដាក់ ការតាំងចិត្ត និង ការព្យាយាមឱ្យអស់ពី សមត្ថភាព។ ពួកគេគឺជាក្រុមអ្នកជំរុញទឹកចិត្តនៅក្នុងតំបន់ និងនៅលើពិភពលោក។
លោកស្រី Aireen Omar បានថ្លែងថា «ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះការប្រកួតដ៏ជក់ចិត្តរបស់ម៉ាឡេស៊ី។ Mohamad Ridzuan Mohamad Puzi បានឈ្នះមេដាសមាសដំបូង ក្នុងព្រឹត្តិការណ៍កីឡា ប៉ារ៉ាឡាំពិក Muhammad Ziyad Zolkefli ដោយបានបំបែកកំណត់ត្រាពិភពលោក ដើម្បីរក្សាចំណាត់ថ្នាក់ទីពីរ ហើយ Abdul Latif Romly បានបំបែកកំណត់ត្រាពិភពលោកចំនួនបីលើក សម្រាប់ចំណាត់ថ្នាក់ទីបី។ ពួកគេបានលើកទង់សម្រាប់អត្តពលិក និងអត្តពលិកប៉ារ៉ានៅទីក្រុងតូក្យូឆ្នាំ ២០២០»។
លោក Tassapon Bijleveld នាយកប្រតិបត្តិ AirAsia Thailand បានឱ្យដឹងថា «អត្តពលិកប៉ារ៉ារបស់ប្រទេសថៃបានប្រកួតយ៉ាងស្វិតស្វាញនៅទីក្រុងរីយ៉ូ ដោយទទួលបានមេដាយច្រើន ជាងប្រទេសនានា នៅក្នុងតំបន់អាស៊ាន។ សូមកោតសរសើរចំពោះពួកគេ ជាពិសេសអត្តពលិក និងក្រុម boccia។ ក្នុងនាមជាសាខា AirAsia ដែលជិតដិតនឹងតំបន់ឥណ្ឌូចិន ខ្ញុំក៏សូមយកឱកាសនេះ អបអរសាទរដល់ Le Van Cong ដែលបានឈ្នះមេដាយមាសដំបូងពីព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកសម្រាប់ប្រទេសវៀតណាម ហើយថែមទាំងបំបែកកំណត់ត្រា ពិភពលោកផ្នែកកីឡា លើកទម្ងន់ថែមទៀតផង»។
លោក Dendy Kurniawan នាយកប្រតិបត្តិ AirAsia Indonesia បានលើកឡើងថា «មេដាយដែល Ni Nengah Widiasih ឈ្នះបង្ហាញថាតើអត្តពលិកប៉ារ៉ាឥណ្ឌូនេស៊ី បានរីកចម្រើនដល់ កម្រិតណាហើយសម្រាប់ឆ្នាំកន្លងទៅនេះ។ នៅទីក្រុងឡុង កាលពីឆ្នាំ ២០១២ យើងបានឈ្នះមេដាសដំបូងក្នុងរយៈពេលពីរទសវត្សចុងក្រោយ ហើយឆ្នាំនេះយើងឈ្នះបាន មេដាយបន្ថែមទៀត»។
លោក Captain Dexter Comendador នាយកប្រតិបត្តិ AirAsia Philippines បានឱ្យដឹងថា «ខ្ញុំពិតជាមានមោទនភាពណាស់ចំពោះ Paddler Josephine Medina ដែលបានបញ្ចប់ប្រវត្តិ មិនដែលឈ្នះ មេដាយរយៈពេល ១៦ ឆ្នាំរបស់ហ្វីលីពីនក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ដោយតាមស្មើសមិទ្ធិផលរបស់ Hidilyn Diaz មុននេះមួយខែ។ វាគឺជាការប្រកួតប្រជែង ដ៏ល្អសម្រាប់ហ្វីលីពីន ហើយខ្ញុំជឿជាក់ថាវាគ្រាន់តែ ជាចំណាប់ផ្តើមនៃភាពជោគជ័យតែប៉ុណ្ណោះ»។
AirAsia គឺជាក្រុមហ៊ុនដឹកអ្នកដំណើរតម្លៃទាបធំជាងគេបំផុតនៅអាស៊ី ដោយគិតលើចំនួនអ្នកដំណើរដែលខ្លួនបានដឹក និងចំនួនយន្តហោះដែលខ្លួនមានជាមួយនឹងចំនួនទិសដៅធ្វើដំណើរច្រើនជាង ១២០ កន្លែងនៅក្នុងតំបន់អាស៊ី អូស្រ្តាលី និង ញូវហ្សឺឡែន មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ AirAsia ក៏ជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ផងដែរ ដែលធ្វើការហោះហើរទៅកាន់បណ្តាប្រទេស ក្នុងអាស៊ានទាំង ១០ រួមទាំងផ្លូវហោះហើរពិសេសជាង ៦០ ថែមទៀតនៅក្នុងតំបន់។
AirAsia ត្រូវបានចាត់ទុកជាក្រុមហ៊ុនអាកាសចរណ៍ តម្លៃទាបល្អបំផុតរបស់ពិភពលោករយៈពេល ៨ ឆ្នាំជាប់ៗគ្នាហើយ AirAsia X បានឈ្នះពានរង្វាន់កៅអី និងកន្លែងអង្គុយតម្លៃទាបល្អជាងគេបំផុត របស់ពិភពលោករយៈពេលបួនឆ្នាំជាប់គ្នា នៅក្នុងកម្មវិធីពានរង្វាន់អាកាសចរណ៍ ពិភពលោក Skytrax នៅ Farnborough ចក្រភពអង់គ្លេស៕