Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គំរោងបង្កើតតំបន់អភិរក្សនៅទ្វីបអង់តាកទិក នឹងសម្រេចបានក្នុងឆ្នាំនេះ លុះត្រាណាតែប្រទេស រុស្ស៊ី គាំទ្រ

17-10-2016 17:23

(ស៊ីដនី)៖ កិច្ចពិភាក្សាស្តីអំពីការបង្កើតតំបន់អភិរក្សសមុទ្រ ដែលមានទំហំដ៏ធំល្វឹងល្វើយ ចំនួនពីរកន្លែង សំដៅថែរក្សានិងការពារបរិស្ថានដ៏បរិសុទ្ធនៃ «ទ្វីបអង់តាកទិក» បានប្រព្រឹត្តទៅ នៅថ្ងៃចន្ទនេះ ខណៈប្រទេស រុស្ស៊ី និង ចិន គឺជាកូនសោរយ៉ាងសំខាន់ក្នុងការកំណត់ ភាពជោគជ័យនៃគំរោងនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នាល្ងាចថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

ជោគវាសនានៃគំរោងក្នុងការបង្កើតខែលការពារ តំបន់សមុទ្រនៅជុំវិញទ្វីបដែលពោរពេញ ទៅដោយទឹកកកនេះ (ប៉ូលខាងត្បូងផែនដី) គឺស្ថិតនៅក្នុងដៃ គណៈកម្មាធិកាអភិរក្ស ធនធានមានជីវិតសមុទ្រក្នុងទ្វីបអង់តាកទិក ឬហៅកាត់ថា CCAML ដែលកំពុងតែបើកកិច្ចប្រជុំ ប្រចាំឆ្នាំរបស់ខ្លួន នៅឯទីក្រុង Hobart នៃប្រទេសអូស្រ្តាលី។

គំរោងនៃការការពារតំបន់ទឹកកក East Antarctic និងសមុទ្រទឹកកក Ross Sea តែងតែបាន ជាប់គាំងដោយសារតែខ្វះការឯកភាពគ្នា ដោយកន្លងមកសមាជិកទាំង ២៤ ប្រទេស និង សហភាពអឺរ៉ុប ធ្លាប់បានព្រមព្រៀងគ្នា លើកលែងតែប្រទេស ចិន និង រុស្ស៊ី ដែលមិនបានឯកភាព ហើយក៏កំពុងធ្វើជាប្រធាន នៃកិច្ចប្រជុំនៅក្នុងឆ្នាំនេះថែមទៀត។

នៅក្នុងកិច្ចប្រជុំកាលពីឆ្នាំមុន ប្រទេសចិន នៅទីបំផុត បានផ្តល់ការគាំទ្រចំពោះការបង្កើត តំបន់អភិរក្សនៅឯសមុទ្រ Ross Sea ប៉ុន្តែនៅតែបន្តមិនឯកភាពលើគំរោង East Antarctica ដដែល ខណៈប្រទេសរុស្ស៊ីក៏នៅតែប្រកាន់ជំហររបស់ខ្លួន ក្នុងការជំទាស់លើគំរោងនៃការបង្កើត តំបន់ការពារទាំងពីរកន្លែង។