(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យ និងឃាត់ខ្លួនជនបរទេស១៥នាក់ ស្ថិតនៅផ្ទះចិនហាងទាខ្វៃសិប្បកម្មដេប៉ាក់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីរកឃើញថា រស់នៅ និងធ្វើការខុសច្បាប់។
លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា ជនបរទេសចំនួន១៥នាក់ ក្នុងនោះស្រី២នាក់ មាន៤សញ្ជាតិ រួមមាន៖ សញ្ជាតិចិន១២នាក់ ស្រី២នាក់ មានលិខិតឆ្លងដែនចំនួន៥ក្បាល (មានទិដ្ឋាកាEទាំងអស់)តែគ្មានសៀវភៅការងារ, ជនជាតិឥណ្ឌាម្នាក់, ជនជាតិសិរីលង្ការម្នាក់ និងជនជាតិវៀតណាមម្នាក់។
បើតាមលោក អ៊ុក ហៃសីឡា ជនបរទេសចំនួន១០នាក់ ស្រី២នាក់ មាន៤សញ្ជាតិ និងលិខិតឆ្លងដែនចំនួន៥ក្បាល ត្រូវនាំយកមកអគ្គនាយកដ្ឋានអគ្គអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមច្បាប់។ សូមបញ្ជាក់ថា ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្លាំងនគរបាលបាន និងកំពុងបន្តយុទ្ធនាការចុះត្រួតពិនិត្យ ជនបរទេសទាំងឡាយដែលកំពុងធ្វើការ និងរស់នៅដោយខុសច្បាប់ក្នុងប្រទេសកម្ពុជា៕