(ភ្នំពេញ)៖ អ្នករកស៊ីអាជីពខាងកត់កន្ទុយលេខ២នាក់ ប្តី-ប្រពន្ឋ ត្រូវបានអាជ្ញាធរខណ្ឌមានជ័យ នៅវេលាម៉ោង២រសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ចុះបង្ក្រាប និងចាប់ខ្លួនស្ថិតនៅផ្ទះលេខ៤ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ប្រតិបត្តិការចុះបង្ក្រាបទីតាំងកត់ឆ្នោតនេះ ដឹកនាំដោយលោក ចែ សុង ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ និងលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យសហការជាមួយកម្លាំងនគរបាលខណ្ឌ និងប៉ុស្តិ៍បឹងទំពុន ។
លោក ឌី រ័ត្នខេមរុណ បានឱ្យដឹងថា អ្នករកស៊ីកត់កន្ទុយលេខ ដែលត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ញឹម កុសល ភេទប្រុស អាយុ៤៦ឆ្នាំ និងប្រពន្ឋ ស្នាក់នៅផ្ទះកើតហេតុ ។ ក្នុងការឃាត់ខ្លួននេះ សមត្ថកិច្ចរឹបអូស បានវត្ថុតាងរួមមាន៖ ប្រាក់ជិត៧ម៉ឺនដុល្លារ និងសម្ភារពាក់ព័ន្ធកត់ឆ្នោតមួយចំនួនធំទៀត ។ លោកបានបន្ដឱ្យដឹងទៀតថា នៅចំពោះ មុខសមត្ថកិច្ចបុរសឈ្មោះ ញឹម កុសល បានឆ្លើយសារភាពថា ខ្លួនបានកត់កន្ទុយ លេខនេះយកទៅឱ្យមេឆ្នោតធំបន្ដទៀត។
ប្រជាពលរដ្ឋបានស្វាគមន៍ចំពោះចំណាត់ការនៃការបង្ក្រាប អ្នកកត់កន្ទុយលេខ ប៉ុន្ដែមិនសូវសប្បាយចិត្ដ និងសូមឲ្យបង្ក្រាបដូចភ្លៀងរលឹម។ ពលរដ្ឋដែលមិនសប្បាយចិត្ដនឹងល្បែងកន្ទុយលេខ បានបន្ដថា បច្ចុប្បន្ននេះល្បែងកន្ទុយលេខ នៅក្នុងសង្កាត់បឹងទំពុនទាំងមូលចាប់ កំពុងកក្រើកខ្លាំងល្បែងកន្ទុយលេខ តែអាជ្ញាធរពាក់ព័ន្ធមួយចំនួនមិន បានមានវិធានការនោះទេ ហើយថែម ទាំងមន្ដ្រីខ្លះទៀតកំពុងងុបងុលនឹងល្បែង កន្ទុយលេខនេះដែរ។ ប្រជាពលរដ្ឋសំណូមពរ ដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគួរ តែកម្ចាត់ និងបង្ក្រាបល្បែងស៊ីសង កន្ទុយលេខមិនថា តូចធំដើម្បីធានា គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព៕