(ភ្នំពេញ)៖ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយករងធនធានរ៉ែ នៃក្រសួងធនធានរ៉ែ និងថាមពល បានអះអាងថា មកទល់បច្ចុប្បន្ននេះ ស្ថានភាពអនាធិបតេយ្យ របស់ក្រុមអាជីវករបូមខ្សាច់ ដែលធ្លាប់មានពីមុនមក គឺត្រូវបានលុបបំបាត់ចោលទាំងស្រុងហើយ បន្ទាប់ពីក្រសួងបានចេញប្រតិបត្តិការ បង្ក្រាបនៅឆ្នាំ២០១៥កន្លងទៅនេះ។
ការថ្លែងបែបនេះរបស់ លោក អ៊ឹង ឌីប៉ូឡា ត្រូវបានធ្វើឡើង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងពេលដែល ក្រសួងរ៉ែ និងថាមពល បានរៀបចំដំណើរទស្សនកិច្ចសិក្សា ជិះទូកពិនិត្យស្ថានភាពខ្សាច់ដុះ និងសកម្មភាពបូមខ្សាច់តាមដងទន្លេមេគង្គ។ ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ លោក ឌិត ទីណា រដ្ឋលេខាធិការ និងក្រុមការងារទំនាក់ទំនងសាធារណៈ នៃក្រសួងរ៉ែ និងថាមពល ព្រមទាំងនិស្សិតមកពីបណ្តាគ្រឹះស្ថានសិក្សា នានាប្រមាណជាង១០០នាក់។
លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់យ៉ាងដូច្នេះថា «ស្ថានភាពអាជីវកម្មខ្សាច់តាមដងទន្លេនេះ មកដល់ថ្ងៃនេះ សកម្មភាពអាណាធិបតេយ្យ ដែលធ្លាប់មានពីមុនមក ត្រូវបានលុបបំបាត់ចោលទាំងស្រុង ហើយនៅលើដងទន្លេមេគង្គចាប់ពី តំបន់រកាកោងនេះ រហូតទៅដល់អ្នកលឿង ហើយចំពោះពីចតុមុខទៅដល់បាសាក់ យើងបានចេញអាជ្ញាប័ណ្ណ ចំនួន២០អាជ្ញាប័ណ្ឌ ជូនទៅអាជីវករផ្សេងៗ ហើយការធ្វើអាជីវកម្មនេះ ឃើញថាពួកគាត់គោរពបាននៅបទដ្ឋានបច្ចេកទេស និងគោលការណ៍នានា ដែលក្រសួងបានដាក់ជាលក្ខខណ្ឌមុននឹងចេញអាជ្ញាប័ណ្ណជូន»។
លោកបន្ថែមថា បច្ចុប្បន្នក្រសួងបានផ្ដល់អាជ្ញាប័ណ្ណ២០ ឲ្យទៅក្រុមហ៊ុនចំនួន១០ ដើម្បីធ្វើអាជីវកម្មស្របច្បាប់ ដែលបានធ្វើអាជីវកម្មនៅខេត្តកំពង់ចាម ខេត្តកណ្ដាល និងខេត្តព្រៃវែង ប៉ុន្ដែនៅខេត្តផ្សេងៗក៏មានដែរ ដែលជាអាជ្ញាប័ណ្ណជាលក្ខណៈសិប្បកម្ម មាននៅខេត្តក្រចេះ ខេត្តព្រៃវែង ដែលមានទំហំក្រោម១ហិចតា រីឯក្រុមហ៊ុនធំៗ មានទំហំប្រមាណជា៧ ទៅ៨ហិចតា ក្នុងឡូដ៍។
លោក អ៊ឹង ឌីប៉ូឡា បន្ដថា មុននឹងចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ធ្វើអាជីវកម្ម ខាងក្រសួងបានធ្វើការសិក្សា យ៉ាងយកចិត្តទុកដាក់ថា ទី១-តើតំបន់ធ្វើអាជីវកម្មនោះ មានផលប៉ះពាល់ទៅលើបរិស្ថាន ទៅលើសង្គម ទៅសេដ្ឋកិច្ច ដែរឬទេ? ទី២-ក្រសួងសិក្សាទៅមើលសក្ដានុពលរ៉ែ ថាតើនៅតំបន់នោះមានរ៉ែខ្សាច់ដែរឬទេ? រ៉ែខ្សាច់មានប៉ះពាល់ទៅលើបរិស្ថាន ដែរឬទេ ប្រសិនបើមានតិចតួច លើសពីការចំណេញ ទើបក្រសួងចេញអាជ្ញាប័ណ្ណជូន ទី៣-មុននឹងចេញអាជ្ញាប័ណ្ណ ក្រសួងរ៉ែ និងថាមពល ក៏បានសិក្សាជាមួយក្រសួងបរិស្ថាន ដែលមានជំនាញច្បាស់លាស់ថា តើមានការប៉ះពាល់ធ្ងន់ធ្ងរដែរឬទេ។
ជាងនេះទៅទៀត លោកបានឲ្យដឹងថា នៅពេលដែលក្រសួងចេញអាជ្ញាប័ណ្ណ ហើយនៅក្នុងអាជ្ញាប័ណ្ណនោះក៏មានការចែងពីលក្ខខណ្ឌមួយចំនួនផងដែរ គឺលក្ខខណ្ឌបច្ចេកទេសដែលតម្រូវឲ្យក្រុមហ៊ុនធ្វើដើម្បីកុំឲ្យមានផលប៉ះពាល់ ដល់បរិស្ថាន ហើយនៅពេលដែលក្រុមហ៊ុនធ្វើអាជីវកម្មហើយ ក្រសួងចាប់ផ្ដើមធ្វើការត្រួតពិនិត្យ តាមដាន ដោយក្រុមអធិការកិច្ច ចុះត្រួតពិនិត្យគ្រប់ពេល ហើយនៅពេលដែលក្រុមហ៊ុនធ្វើខុសពីគោលការណ៍ ក្រសួងនឹងដាក់ពិន័យភ្លាមៗ ដែលការពិន័យនេះ មានដូចជា ផ្អាកអាជីវកម្មរយៈពេល ៣ថ្ងៃ ទៅមួយសប្ដាហ៍ ប្រសិននៅតែបន្ដខុសទៀត ក្រសួងនឹងភ្ជួរអាជ្ញាប័ណ្ណមួយខែ ហើយបើនៅបន្ដខុសទៀត ក្រសួងនឹងអាជ្ញាប័ណ្ណតែម្ដង។
ជាមួយគ្នានេះដែរ លោក អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ដែរ ចាប់ពីតាំងរាជរដ្ឋាភិបាល ប្រគល់ប្រសិទ្ធិឲ្យក្រសួងរ៉ែ និងថាមពល ជាអ្នកចេញអាជ្ញាប័ណ្ណបូមខ្សាច់ តាំងពីខែសីហា ឆ្នាំ២០១៥ មកទល់ពេលនេះ ក្រសួងរកចំណូលបានជាង៧លានដុល្លារហើយ៕