(កំពង់ធំ)៖ ប្រជាពលរដ្ឋចំនួន៤៧១គ្រួសារ បានលើកគ្នាមកតវ៉ាជាមួយអាជ្ញាធរ នៅចំណុចតំបន់ភ្នំពារាំ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ពាក់ព័ន្ធនឹងករណីថា ក្រុមអាជ្ញាធរនៅទៅនោះ ចង់ធ្វើការបែងចែកដីលំនៅដ្ឋានរបស់ពួកគាត់ ដែលពួកគាត់បានរស់នៅយូរឆ្នាំមកហើយ ព្រមទាំងបានប្រមូលស្នាមមេដៃ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាទៀតផង។
ជុំវិញករណីដ៏ក្ដៅកគុកនេះ លោកមេឃុំបឹងល្វា បានចេញមកអះអាងថា ពលរដ្ឋទាំងនោះ បានចូលកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើដីលំនៅដ្ឋានរបស់ពួកគាត់ខាងលើ ចាប់តាំងពីឆ្នាំ២០០១ មកម្ល៉េះ ដែលមានទំហំផ្ទៃដីសរុប១,៦០០ហិកតា ស្រាប់តែពេលថ្មីៗនេះ មានឈ្មួញរកស៊ីដីម្នាក់ បានដាក់ពាក្យស្នើសុំដីលំនៅដ្ឋានទាំងនេះ ជាដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនប្រជាពលរដ្ឋមកពីឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ទៅវិញ។
ហេតុការណ៍ផ្ទុះការតវ៉ានេះ កើតឡើងនៅថ្ងៃទី១៥ តុលា ឆ្នាំ២០១៦ ដែលធ្វើប្រជាពលរដ្ឋមានការខឹងសម្បាយ៉ាងខ្លាំង ទៅនឹងក្រុមអាជ្ញាធរមួយចំនួន ដែលយកដីរបស់ពួកគាត់ ទៅបែងចែកដូច្នេះ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់ថា ពួកគាត់មិនប្រគល់ដីទាំងនេះ ឲ្យទៅឈ្មួញខាងលើជាដាច់ខាត ព្រមទាំងបានប្រមូលគ្នាជាច្រើននាក់ មកផ្តិតស្នាមមេស្មាមដៃ ដើម្បីដាក់សំណើទៅសម្តេចតេជោ ហ៊ុន សែន ស្នើសុំកិច្ចអន្តរាគមន៍ និងវាស់វែងដីទាំងនោះជូនពួកគាត់ ដើម្បីទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់តទៅទៀត៕