(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានភាពទឹកហូរច្រោះទំនប់សណ្តរ ស្ទឹងព្រែកត្នោត នៅក្នុងភូមិសាស្រ្តខណ្ឌដង្កោ នៅមិនទាន់ធូរស្រាលនៅឡើយទេ ដោយសារទឹកកាន់តែហូរខ្លាំងបុកទំនប់ នៅសងខាងស្ទឹង ហើយទំនប់បង្ហៀរទឹកមួយកន្លែង ត្រូវបានកាត់ផ្តាច់ទាំងស្រុង។
យ៉ាងណាក៏ដោយ រដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ បាន និងកំពុងដឹកនាំមន្រ្តី សហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរងក្រុង និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ កំពុងជួយអន្តរាគមន៍ទប់ស្កាត់ នៃការហូរច្រោះតាមរុននាគ។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកបានបញ្ជាក់ថា «នៅពេលនេះទំនប់បង្ហៀរទឹកមួយកន្លែង ត្រូវបានកាត់ផ្តាច់ ប៉ុន្តែផ្នែកនៅខាងក្រោមកន្លែងបាក់នោះ គឺជាដីស្រែរបស់ប្រជាពលរដ្ឋ មិនមានផ្ទះនោះទេ»។
សម្រាប់គ្រោះធម្មជាតិមួយនេះ ត្រូវបានលោក ចាន់ យុត្ថា ពន្យល់ថា នៅតាមស្ទឹងព្រែកត្នោត គឺមានទំនប់២ ត្រូវបានលើកនៅសងខាង ដែលហៅថា «ទំនប់សណ្តរ» ដើម្បីទប់ទឹកហូរចេញពីស្ទឹង លិចដីស្រែ និងផ្ទះរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំកន្លងទៅ ស្ថានភាពទឹកមិនឡើងខ្លាំង ទើបតែនៅពេលនេះឡើងខ្លាំងធ្វើឲ្យដីទំនប់ដែលមិនសាំនឹងទឹកនោះ ត្រូវទឹកហូរច្រោះដែលគេហៅថា រុននាគ។ ទឹកបានហូរច្រោះពីតូចទៅធំឡើងៗ ប៉ុន្តែស្ថានភាពនេះមិនទាន់មានសភាពធ្ងន់ធ្ងរនៅឡើយទេ ហើយលោករដ្ឋមន្រ្តី លឹម គានហោ កំពុងសហការជាមួយអាជ្ញាធរដឹកនាំកម្លាំងចុះទប់ស្កាត់ នៅកន្លែងនោះហើយ។
អភិបាលខណ្ឌដង្កោលោក នុត ពុធដារ៉ា បានបញ្ជាក់ថា សង្កាត់មួយចំនួន រួមមាន៖ សង្កាត់ព្រៃស និងសង្កាត់ព្រៃវែងជាដើម បានរងផលប៉ះពាល់នៃទឹកហូរច្រោះ ប៉ុន្តែមិនទាន់ដឹកប៉ុន្មានគ្រួសារ ដែលត្រូវទឹកជន់លិចនៅឡើយទេ ដោយអាជ្ញាធរមូលដ្ឋានរបស់លោកកំពុងសួរនាំបន្ត។ បើតាមលោក នុត ពុធដារ៉ា សម្រាប់គ្រោះធម្មជាតិមួយនេះ លោក បានណែនាំឲ្យមន្រ្តីមូលដ្ឋានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាំងពីខែមុនមកម្ល៉េះ ស្តីការកើនឡើងទឹកនៅតាមស្ទឹងព្រែកត្នោត ដោយសារតែការហូរធ្លាក់ពីខាងខេត្តកំពង់ស្ពឺ។
ក្នុងនាមអាជ្ញាធរខណ្ឌ លោក នុត ពុធដារ៉ា បានទទូចដល់ប្រជាពលរដ្ឋទាំងអស់ ដែលទទួលផលប៉ះពាល់ និងអាចទទួលផលប៉ះពាល់ដោយសារទឹកជំនន់នេះសូមជួយរើឥវ៉ាន់ និងទ្រព្យសម្បត្តិ ខណៈអាជ្ញាធរបានស្វែងរកទីទួលសុវត្ថិភាពមួយចំនួនជូនពួកគាត់។ លោក ចាន់ យុត្ថា បានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់២ថ្ងៃ ជាប់ៗគ្នា ក្នុងបរិមាណជាង២០០មីលីម៉ែត្រ បានបង្កឱ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត ក៏មានការកើនឡើងយ៉ាងគំហកផងដែរ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ទំនប់សណ្តរស្ទឹងព្រែកត្នោតខាងលើ រងនូវការហូរច្រោះជារន្ធនាគ។
ចំពោះមុខបញ្ហានេះលោករដ្ឋមន្រ្តី លឹម គានហោ បានផ្អាកដំណើរបំពេញបេសកកម្ម ចុះទៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដើម្បីវិលមកដោះស្រាយបញ្ហាបង្វែរទឹកជំនន់ នៅខេត្តកំពង់ស្ពឺ និងទប់ស្កាត់ការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលការពាររាជធានីភ្នំពេញ និងខេត្តកណ្តាលវិញ៕