(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ សម្ដេចព្រះមហាក្សត្រីយានី សេរីគីត ប្រធានសមាគមជាតិកាកបាទក្រហមថៃ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការសោយទិវង្គតរបស់ ព្រះបាទភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ដែលបានយាងចូលទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នេះ ។
នៅក្នុងសារលិខិតរំលែកទុក្ខរបស់ សម្ដេចកិត្តិព្រឺទ្ធបណ្ឌិត បានសរសេរបញ្ជាក់ដោយក្ដីក្រៀមក្រំថា «ខ្ញុំម្ចាស់ សូមចូលរួមសម្ដែងមរណៈទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការសោយទិវង្គតរបស់ ព្រះបាទភូមិបុល អាឌុលយ៉ាដេត គឺជាព្រះមហាក្សត្រ ដែលជាទីគោរពស្រឡាញ់បំផុត នៃប្រជាជនថៃ។ ការសោយទិវង្គតរបស់ព្រះអង្គ គឺជាការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេសថៃ ក៏ដូចជាសម្រាប់មិត្តភក្តិទាំងអស់ នៅលើពិភពលោកផងដែរ។ ជាការពិតណាស់ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត បានលះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គលសម្រាប់ប្រជាជនថៃទាំងមូល។ ជាមួយគ្នានេះ ព្រះរាជកិច្ចដ៏ភ្លឺស្វាងក្នុងព្រះបរមនាមជាព្រះមហាក្សត្រ និងព្រះរាជបូជនីយកិច្ចចំពោះជាតិ ប្រកបដោយព្រះរាជបុគ្គលិក លក្ខណៈដ៏វិសេសវិសាលថ្លៃថ្លារបស់ព្រះអង្គ នឹងត្រូវបានប្រជាជនថៃចងចាំជានិច្ច។ ស្ថិតក្នុងមរណៈទុក្ខដ៏សែនក្រៀមក្រំនេះ ខ្ញុំម្ចាស់ផ្ទាល់ សូមសម្ដែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងការរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ដ៏ធំធេងនេះ ថ្វាយចំពោះ ព្រះមហាក្សត្រីយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជាចំពោះរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រថៃ»។
ខាងក្រោមនេះ ជាខ្លឹមសារ នៃសារលិខិតចូលរួមរំលែកទុក្ខរបស់ សម្ដេចកិត្តិព្រឺទ្ធបណ្ឌិត៖