(ភ្នំពេញ)៖ នាវារបស់អាមេរិក ឈ្មោះ «USS Germantown (LSD-42)» និងកងវរសេនាតូចភស្តុភាប្រយុទ្ធនៃអង្គភាពទី៣១ ក្នុងអង្គភាពទ័ពម៉ារីន សហរដ្ឋអាមេរិក ដែលបំពេញបេសកកម្មនៅក្រៅប្រទេស (MEU) បានចូលចតនៅក្រុងព្រះសីហនុ នៃប្រទេសកម្ពុជា នាថ្ងៃទី ១៦ ខែតុលា ម្សិលមិញនេះ បន្ទាប់ពីបានបញ្ចប់សមយុទ្ធបុកច្រាំង នៅសាធារណរដ្ឋហ្វីលីពីន។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។
លោក Severn Stevens មេបញ្ជាការលើនាវា Germantown បានថ្លែងថា «ដោយបន្តទៅមុខជាមួយនឹង ប្រក្រតីទិន នៃប្រតិបត្តិការដ៏មមាញឹករបស់យើង និងការបង្ហើយសមយុទ្ធចុងក្រោយរបស់យើងនេះ យើងរីករាយនឹង ឱកាសមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា។ នាវាចំបាំងមកប្រទេសកម្ពុជាមិនសូវញឹកញាប់ទេ ដូច្នេះយើងចង់ធ្វើអោយវត្តមានរបស់យើងនៅទីនេះ ផ្តល់ប្រយោជន៍ច្រើនបំផុត ដោយយើងធ្វើការជាមួយភាគីរបស់យើង ខាងកងទ័ពជើងទឹកកម្ពុជា ហើយស្វែងយល់ពីវប្បធម៌ ដ៏សំបូរបែបនៃប្រទេសកម្ពុជា»។
ដោយឡែក វរសេនីយឯក Siebrand H. Niewenhous IV មេបញ្ជាការនៃកងវរសេនាតូចភស្តុភាប្រយុទ្ធលេខ ៣១ ក៏បានថ្លែងឲ្យដឹងដែរថា «ទាហានម៉ារីនក្នុងកងវរសេនា តូចភស្តុភាប្រយុទ្ធលេខ ៣១ និង MEU ទី ៣១ មានសេចក្តីរំភើបរីករាយ ដោយបានមកកម្ពុជា ហើយឃើញអ្វីដែលកម្ពុជាមានបន្ទាប់ពីបញ្ចប់បេសកកម្ម នៅប្រទេសហ្វីលីពីន។ ទាហានម៉ារីនអាមេរិកភាគច្រើន មិនដែលបានមកកន្លែង ដូចជាប្រទេសកម្ពុជានេះទេ ហើយយើងរីករាយនឹងឃើញវប្បធម៌ពិសេសរបស់កម្ពុជា នៅទីក្រុងព្រះសីហនុ»។
សូមជម្រាបថា ក្រៅពីការធ្វើដំណើរនិងការដើរទស្សនា បុគ្គលិកនាវា Germantown នឹងមានការរៀបចំពិធីមួយនៅលើនាវា សំរាប់បុគ្គលិករបស់ស្ថានទូតអាមេរិក មេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងអនុព័ន្ធបរទេស ពិធីនៅយប់នោះ នឹងប្រព្រឹត្តទៅនៅលើវាលសំរាប់យន្តហោះរបស់នាវា ដែលនៅទីនោះ ឥស្សរជនអាមេរិក និងឥស្សរជនបរទេសមានឱកាសធ្វើការផ្លាស់ប្តូរយោបល់គ្នា ហើយក៏មានការប្រកួតកីឡាជាមួយទាហានកម្ពុជា ដែលរួមមានការប្រកួតបាល់ទះ និងបាល់ទាត់ រវាងប្រទេសទាំងពីរផងដែរ៕