(ភ្នំពេញ)៖ តំណាងអ្នកផ្តល់ជំនួយ និងជាអ្នកសម្របសម្រួលគម្រោងស្តីពី សុខភាព និងសុវត្ថភាពការងាររបស់គម្រោង ILO-ជប៉ុន បានសន្យាប្រាប់ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថា នឹងបន្តជួយគាំទ្រ ក្នុងការបង្កើតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងបទដ្ឋានសុខភាព និងសុវត្ថិភាពផែ្នកសំណង់ ដើម្បីបង្កើនវិធានការបង្ការគ្រោះថ្នាក់ការងារ និងវិជ្ជាជីវៈ ក្នុងវិស័យសំណង់នៅកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងជំនួបរវាងលោក អ៉ិត សំហេង ជាមួយលោក Yasuo Ariga តំណាងអ្នកផ្តល់ជំនួយ និងជាអ្នកសម្របសម្រួលគម្រោងស្តីពី សុខភាព និងសុវត្ថភាពការងាររបស់គម្រោង ILO-ជប៉ុន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងការងារ។
លោក Yasuo Ariga បានសម្ដែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងគាំទ្រយ៉ាងខ្លាំង ចំពោះសកម្មភាពការងារ របស់ក្រសួងការងារ ដែលបានខិតខំពង្រីកនូវការគិតគូរ ទៅដល់បញ្ហាសុខភាព និងសុវត្ថិភាពជូនកម្មករ និយោជិត ជាពិសេសនៅក្នុងវិស័យសំណង់។
លោករដ្ឋមន្រ្តី អ៉ិត សំហេង ក៏បានស្នើភាគីគម្រោង ILO-ជប៉ុន ឱ្យបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចការងារមួយចំនួនទៀត សម្រាប់ដំណាក់កាលថ្មីខាងមុខ ពិសេសគាំទ្រដល់ការបង្កើតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងបទដ្ឋានសុខភាព និងសុវត្ថិភាពផែ្នកសំណង់។
ជាការឆ្លើយតប តំណាងគម្រោង ILO-ជប៉ុន បានបញ្ជាក់ថា នឹងបន្តជួយក្រសួងការងារ ក្នុងការបង្កើតជាបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងបទដ្ឋានសុខភាព និងសុវត្ថិភាពផែ្នកសំណង់ ដើម្បីបង្កើនវិធានការបង្ការគ្រោះថ្នាក់ការងារ និងវិជ្ជាជីវៈ និងបង្កើតវប្បធម៌សុវត្ថិភាព នៅតាមការដ្ឋានសំណង់ តាមរយៈការបង្កើនចំណេះដឹងសុវត្ថិភាពសំណង់ ដល់កម្មករ និយោជិតផែ្នកសំណង់។
តំណាងគម្រោង ILO-ជប៉ុន ក៏បានសន្យាថា នឹងចូលរួមចែករំលែកនូវបទពិសោធន៍ និងការអនុវត្តល្អៗ ស្តីពីសុវត្ថិភាពផ្នែកការដ្ឋានសំណង់ ពីបណ្តាប្រទេសនានា ព្រមទាំងជួយកសាងសមត្ថភាព ដល់គណៈកម្មាធិការជាតិត្រីភាគី ស្តីពីសុខភាព និងសុវត្ថិភាពការងារ ផងដែរ។
សូមជម្រាបថា គម្រោងទាំងនេះ នឹងបន្តសហការជាមួយផ្នែកពាក់ព័ន្ធ ជាពិសេសបេឡាជាតិរបបសន្តិសុខសង្គម ក្នុងការចូលរួមទប់ស្កាត់នូវគ្រោះថ្នាក់ការងារ ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរ។ ដោយឡែក សម្រាប់គោលដៅបន្ត ក្រសួងការងារ បានស្នើសុំឱ្យមានគម្រោងសិក្សា នូវជំនួយក្នុងការបង្កើតឱ្យបាននូវគោលនយោបាយជាតិ ស្តីពី សុខភាព និងសុវត្ថិភាពការងារ ក្នុងក្របខណ្ឌគោលនយោបាយ សម្រាប់ជាមូលដ្ឋានកសាងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕