(ហាណូយ)៖ នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះធម្មជាតិវៀតណាម ឬហៅកាត់ថា DNDPC បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនមនុស្សដែលបានស្លាប់ ដោយសារគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅតាមតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម បានកើនឡើងដល់ ២៥នាក់ហើយ គិតត្រឹមរសៀលថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។
ដោយយោងតាមរបាយការណ៍របស់នាយកដ្ឋានខាងលើ បានឲ្យដឹងទៀតថា គ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងជោគជាំ នៅប៉ុន្មានថ្ងៃជាប់គ្នានេះ បានបន្សល់ទុកមនុស្សចំនួន ១៨នាក់រងរបួស និងបួននាក់ផ្សេងទៀត បានបាត់ខ្លួន។ ចំណែកឯចំពោះតួលេខអ្នកស្លាប់វិញ ខេត្ត Quang Binh បានរាយការណ៍ថា មានមនុស្សបាត់បង់ជីវិតចំនួន១៨នាក់ ហើយខេត្ត Ha Tinh បានរាយការណ៍ថា មានអ្នកស្លាប់ចំនួនបីនាក់ ខណៈបួននាក់ទៀតបានស្លាប់ នៅក្នុងខេត្ត Nghe An និង Thua Thien-Hue ដែលទាំងបួនខេត្ត គឺស្ថិតនៅភាគកណ្តាល ប្រទេសវៀតណាម។
ជាមួយគ្នានេះដែរ លំនៅឋាន២៥ខ្នង បានដួលរលំ និង៩៤៩ខ្នង បានទទួលរងការខូចខាត ខណៈផ្ទះចំនួន១២១,២៨៧ខ្នង ផ្សេងទៀតត្រូវបានជន់លិច។ បន្ថែមពីនេះទៀត វាលស្រែទំហំ ៣,១៣៨ហិកតា, ផ្ទៃដីចម្ការទំហំ ១១,៥៣៤ហិកតា ហើយនិងផ្ទៃដីវារីវប្បកម្មទំហំ ៤,៥៨៨ហិកតា ក៏បានលិចលង់ដោយសារតែទឹកជំនន់ផងដែរ៕