(គូឡាឡាំពួរ)៖ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Hishammuddin Hussein បាននិយាយថា ប្រទេសក្នុង តំបន់អាស៊ីគ្នេយ៍ ឬ អាស៊ានទំាងអស់ គួរតែចាត់វិធានការឲ្យសកម្មភាពជាមុន ដើម្បីការពារសន្តិសុខក្នុងតំបន់ ខណៈរដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងចាប់ផ្ដើមប្រតិបត្តិការយោធាដើម្បី វាយយកទីក្រុង Mosul ពីពួក ISIS មកវិញ។ នេះបើតាមការចុះផ្សាយរបស់ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅឯសភាជាតិ នៅថ្ងៃចន្ទនេះ លោក Hishammuddin បាន គូសបញ្ជាក់ថា ភ្នាក់ងារចារកម្មអន្តរជាតិបានប្រាប់លោកថា ក្រុមសកម្មប្រយុទ្ធ ISIS មួយចំនួនតូចត្រូវបានគេរំពឹងថាអាចនឹងរត់ភៀស ខ្លួនពីប្រទេស អ៊ីរ៉ាក់ និង ស៊ីរី ទៅកាន់ប្រទេសកំណើត របស់ពួកគេវិញ ដូចជា បារំាង ឬបណ្ដាប្រទេសដ៏ទៃទៀត ដែលពួកគេយល់ថាមានសុវត្ថិភាព។
រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីរូបនេះ បានបន្ថែមថា «យើងត្រូវតែចាត់វិធានការឲ្យបានយ៉ាង សកម្មជាងមុនដើម្បីការពារ ឬទប់ស្កាត់គ្រោះថ្នាក់ដែលអាចនឹងកើតឡើង នៅក្នុងតំបន់ តាមរយៈភាពជាអ្នកដឹកនាំ អាស៊ាន របស់យើង»។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haïdar al-Abadi បានប្រកាសនៅចន្ទនេះ ពីការចាប់ផ្ដើមធ្វើប្រតិបតិ្តការយោធា វាយលុកដណ្ដើមយកទីក្រុង Mosul ពីពួក ISIS មកវិញ បន្ទាប់ពីបានបាត់បង់ចាប់តំាងពីខែមិថុនា ឆ្នាំ២០១៤មក ដែលប្រតិបត្តិការនេះ បានកើតមាន ឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលតួកគី ព្រលយពាក្យថា រដ្ឋាភិបាលអ៊ីរ៉ាក់ គ្មានលទ្ធភាពធ្វើអ្វីដោយឯកឯងនោះឡើយ៕