
អាជ្ញាធរខេត្តកំពង់ស្ពឺ បើកឲ្យចរាចរណ៍ផ្លូវជាតិលេខ៤ ដូចធម្មតាវិញ ខណៈទឹកជំនន់កំពុងវាយប្រហារផ្លូវជាតិលេខ៣
17-10-2016 15:01
(កំពង់ស្ពឺ)៖ លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានអំពាវនាវស្នើឱ្យប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៣ បើមិនមានការចាំបាច់ទេ ត្រូវប្ដូរទិសដៅទៅផ្លូវផ្សេង ដោយសារស្ថានភាពជំនន់ទឹកភ្លៀង ដែលហូរកាត់ផ្លូវជាតិលេខ៣ នៅមិនទាន់ស្រុតចុះនៅឡើយ។
សូមបញ្ជាក់ថា ចំណុចផ្លូវដែលទឹកហូតកាត់ខាងលើនេះ ស្ថិតត្រង់ចន្លោះគីឡូម៉ែត្រលេខ ៤៣-៤៤ ហើយបច្ចុប្បន្ន កម្លាំងអាជ្ញាធរបាននិងកំពុងបញ្ជាគ្រឿងចក្រ ដើម្បីកាយដីរំដោះទឹក ឱ្យហូរផុតចេញចំណុចខាងលើនេះ ព្រមទាំងកំពុងប្រចាំការ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
កាលពីថ្ងៃទី១៦ ខែតុលា ម្សិលម៉ិញ ផ្លូវជាតិលេខ៤ ស្ថិតត្រង់ចំណុចភូមិអូវែង ឃុំមហាសាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏ត្រូវបានផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះរថយន្តធំៗ ដោយសារស្ថានភាពទឹកជំនន់ នៅតែហូរកាត់ខ្លាំងមិនទាន់ស្រុតចុះនៅឡើយ។
តែដោយឡែក យោងតាមការជូនដំណឹងចុងក្រោយ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃ១៧ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា ផ្លូវជាតិលេខ៤ ត្រូវបានបើកឱ្យដំណើរការ ធម្មតាវិញហើយ ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋ វាងពីផ្លូវជាតិលេខ៣ ប្ដូរទិសដៅធ្វើដំណើរតាមផ្លូវជាតិលេខ៤ វិញ៕