(កែប)៖ លោកឧត្តមសេនីយ៍ត្រី អ៊ីង សំអុល ស្នងការនគរបាលខេត្តកែប នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំថ្នាក់ដឹកនាំ ចុះរៀបចំការហ្វឹកហ្វឺនការងារពន្លត់អគ្គិភ័យ ដល់កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងអង្គភាពអន្តរាគមន៍ នៃស្នងការនគរបាលខេត្តកែប នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក្រុងកែប។

កម្មវិធីហ្វឹកហ្វឺននេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ឈន សុភាព ស្នងការរងនគរបាលខេត្ត និងជាប្រធានអង្គភាពគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ, លោកវរសេនីយ៍ទោ ឈុន សុផល អនុប្រធានអង្គភាពអន្តរាគមន៍នគរបាលខេត្ត ,លោកវរសេនីយ៍ឯក ជុន ទិត្យ នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ, លោកវរសេនីយ៍ទោ សាន គន នាយការិល័យ បណ្តុះបណ្តាលនិងវិក្រិត្យការ និងមន្ត្រីកងកម្លាំងពាក់ព័ន្ធចំនួន ៣៩នាក់។

លោកវរសេនីយ៍ឯក ឈន សុភាព បានឱ្យដឹងថា សិក្ខាកាមទាំងឡាយទទួលបានជំនាញជាច្រើន រួមមាន៖ របៀបរៀបចំការពារកន្លែងកើតហេតុ, របៀបតទុយោឱ្យបានត្រឹមត្រូវ តាមប្រភេទទុយោ, របៀបបំពាក់ក្បាលបាញ់ទឹក, ការបើកទឹក, ការបាញ់ពន្លត់, ការរៀបចំទុកដាក់ទុយោ ក្រោយបញ្ចប់ការពន្លត់អគ្គីភ័យ និងស្រាវជ្រាវស៊ើបអង្កេត នៅកន្លែងកើតហេតុ។

សូមបញ្ជាក់ថា ផែនការហ្វឹកហ្វឺននេះ ស្នងការដ្ឋាននគរបាលខេត្តកែប បានណែនាំដាក់បញ្ជាឱ្យកងកម្លាំង ត្រូវធ្វើការអនុវត្តឱ្យបានស្ទាត់ លើការងារជំនាញរបស់ខ្លួន ដើម្បីងាយស្រួលយកទៅអនុវត្ត ពេលមានហេតុការណ៍ជាយហេតុ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ដោយឡែក ការហ្វឹកហ្វឺនខាងលើក្រុមការងារបានប្រើរថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ដើម្បីជាការហ្វឹកហាត់ផ្ទាល់៕