(មីយ៉ាន់ម៉ា)៖ ក្រុមអ្នកជួយសង្រ្គោះមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់នៅក្នុង ហេតុការណ៍ លិចទូកកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ បានកើនឡើងដល់ ១៤នាក់ និងជាង ១៥០នាក់ ត្រូវបានជួយសង្រ្គោះ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួន នៅឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Channel News Asia ​​នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។

លោក Sa Willy Frank អ្នកដឹកនាំក្រុមអ្នកជួយសង្រ្គោះ បានប្រាប់សារព័ត៌មាន Reutersថា «មកទល់ នឹងពេលនេះ យើងបានរកឃើញសាកសពមនុស្ស១៤នាក់ រីឯ ៨៥ នាក់ នៅបន្ត បាត់ខ្លួននៅឡើយ»។ ដោយឡែក បើយោងតាមអ្នកតំណាងរាស្ត្រ ក្នុងទីក្រុង Sagaing  លោក Kyaw Htay Lwin ឲ្យដឹងថា ទូកដឹកអ្នកដំណើរដែល ក្រឡាប់លិចខាងលើ អាចផ្ទុកមនុស្ស បានត្រឹមតែ១២០នាក់ ប៉ុន្តែទូកនេះបែរជាដឹកលើសចំណុះដល់ទៅជាង ៣០០ នាក់។

គួរបញ្ជាក់ថា ហេតុការណ៍លិចទូកដឹកអ្នកដំណើរនេះ បានកើតឡើង កាលពីថ្ងៃសៅរ៍ នៅម៉ោងប្រមាណជា ៥៖០០នាទីព្រឹក នៅឯទន្លេ Chindwin ក្នុងទីក្រុង Sagaing ស្ថិតនៅ​ចំងាយ១៣៧គីឡូម៉ែត្រ ពីភាគពាយ័ព្យទីក្រុង Mandalay ​នៃភាគកណ្ដាលប្រទេសមីយ៉ាន់ម៉ា៕