(ភ្នំពេញ)៖ តាមរយៈការសម្របសម្រួលពីគណៈទាក់ទងការបរទេសគណៈកម្មាធិការកណ្តាល គណៈប្រតិភូសិក្សាស្រាវជ្រាវគណបក្សប្រជាជនកម្ពុជា ចំនួន៣០រូប ដឹកនាំដោយ លោកស្រី ខា ឡេង សមាជិកា គណៈកម្មាធិការកណ្តាល និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅក្រុងឆុងឈីង និងខេត្តយូណាន។

ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤នេះ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីសិក្សាលើយុទ្ធសាស្ត្រ៖

*ទី១៖ លើកកម្ពស់ការកែច្នៃផលិតផលដើម្បីបង្កើនតម្លៃបន្ថែម
*ទី២៖ ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន
*ទី៣៖ តួនាទីស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធ ក្នុងការជំរុញវិនិយោគ និងពាណិជ្ជកម្ម។

គណៈប្រតិភូមានគោលបំណងសិក្សារៀនសូត្រ ដកស្រង់បទពិសោធន៍ជាក់ស្ដែងពីភាគីចិន ក្នុងការងារគ្រប់គ្រងរដ្ឋ និងបក្សនៅថ្នាក់មូលដ្ឋាន ក៏ដូចជាកិច្ចការអភិវឌ្ឍន៍ប្រទេស នៅក្នុងការធ្វើទំនើបកម្មបែបចិន ដើម្បីជាមូលដ្ឋានក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ នៅក្នុងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដែលត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួម រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានាធិបតី ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្ត ចិន និងត្រូវបានបញ្ជាក់សារជាថ្មី ដោយសម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា៖

https://image.freshnewsasia.com/2021/id-025/fn-2024-12-31-13-02-11-13.JPG