(ភ្នំពេញ)៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានសម្តែងនូវការចូលរួមរំលែកទុក្ខ យ៉ាងជ្រាលជ្រៅចំពោះគ្រួសារសព របស់លោក សេក បរិសុទ្ធ ដែលបានទទួលមរណភាព ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ពេលចុះទៅបំពេញបេសកកម្ម។

ស្ថានទូតអាមេរិក បានបង្ហោះសាររំលែកទុក្ខក្នុងគេហទំព័រ Facebook ផ្លូវការរបស់ខ្លួនថា «ស្ថានទូតអាមេរិកសូមសំដែង សមានទុក្ខយ៉ាងជ្រាលជ្រៅដល់គ្រួសារ មិត្តភក្តិ និងសហការីរបស់លោក សេក បរិសុទ្ធ ដែលបានទទួលមរណភាព នៅក្នុងគ្រោះថ្នាក់រថយន្ត កាលពីចុងសប្តាហ៍នេះ នៅខេត្តក្រចេះ។ លោក បរិសុទ្ធ គឺជាគ្រូបណ្តុះបណ្តាល ផ្នែកសារព័ត៌មានដែលទទួល បានការគោរពស្រឡាញ់ ហើយដែលបានធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីជំរុញវិជ្ជាជីវៈសារព៏ត៌មាន និងបទដ្ឋានខ្ពស់ផ្នែកសារព័ត៌មាន នៅកម្ពុជា»

ស្ថានទូតអាមេរិក បានឲ្យដឹងថា លោក បរិសុទ្ធ ក៏ធ្លាប់ចូលរួមផងដែរ នៅក្នុងកម្មវិធីរបស់ក្រសួងការបរទេសហរដ្ឋអាមេរិក ស្តីពីអ្នកធ្វើទស្សនកិច្ចអន្តរជាតិ។ នៅឆ្នាំ ២០០៦ លោកបានធ្វើដំណើរទៅ សហរដ្ឋអាមេរិក តាមកម្មវិធីនេះ ដែលផ្តោតលើគណនេយ្យភាពក្នុងមុខជំនួញ និងរដ្ឋាភិបាល។

សូមបញ្ជាក់ថា លោក សេក បរិសុទ្ធ ជាអ្នកកាសែតជើងចាស់ ជាគ្រូបង្រៀនអ្នកកាសែត ជាទីប្រឹក្សាព័ត៌មានភាសាអង់គ្លេសរបស់អង្គភាព Fresh News និងបុគ្គលិកបម្រើការងារនៅអង្គការ AEA។ សពលោក សេក បរិសុទ្ធ ត្រូវបានក្រុមគ្រួសារកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី​ នៅវត្តទួលទំពូង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕