(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់លោកស្រី រ៉ូណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាថា កម្ពុជា បាននិងកំពុងប្រឹងប្រែងខ្លាំងក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តែកម្ពុជា ក៏ខិតខំពង្រឹងនីតិរដ្ឋផងដែរ ហើយមិនអនុញ្ញាតឲ្យជនមួយចំនួនយកបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សធ្វើជាលេសបំពានលើច្បាប់រដ្ឋឡើយ។
ការថ្លែងរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានធ្វើឡើងនាព្រឹកថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦នេះ ក្នុងពេលដែលលោកអនុញ្ញាតឲ្យលោកស្រី រ៉ូណាស្មីត ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនលើបញ្ហាលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបរវាងឯកឧត្តម ប្រាក់ សុខុន និងលោកស្រី រ៉ូណាស្មីត បានពិភាក្សាផ្តោតជាសំខាន់លើដំណើរការលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិ ក៏ដូចជាការគោរពសិទ្ធិសេរីភាពក្នុង ការបញ្ចេញមតិ និងសិទ្ធិធ្វើនយោបាយរបស់គណបក្សនយោបាយនៅកម្ពុជា។
ពាក់ព័ន្ធបញ្ហាទាំងអស់នេះ លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បាននិងកំពុងពង្រឹងយ៉ាងខ្លាំង ហើយបច្ចុប្បន្នដំណើរ ការលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ ក៏ដូចជាការគោរពសិទ្ធិធ្វើនយោបាយមានការរីកចម្រើនផងដែរ។ លោកបានរំលឹកលោកស្រី រ៉ូណាស្មីត ផងដែរថា ទន្ទឹមនិងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សិទ្ធិបញ្ចេញមតិ កម្ពុជា ក៏ប្រឹងប្រែងពង្រឹងនីតិរដ្ឋ ដោយមិនអនុញ្ញាតឲ្យមានការបំពានច្បាប់ក្រោមលេសសិទ្ធិបញ្ចេញមតិ ឬដំណើរការលទ្ធិប្រជាធិបតេយនោះឡើយ។
លោក ប្រាក់ សុខុន បានរំលឹកទៀតថា កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន ដែលមានការប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សបានល្អប្រសើរជាងគេ។
លោកស្រី រ៉ូណាស្មីត ក៏បានទទួលស្គាល់ផងដែរថា កម្ពុជា គឺជាប្រទេសមានការគោរពសិទ្ធិមនុស្ស គោរពលទ្ធិប្រជាធិបតេយ្យល្អប្រសើរជាង គេក្នុងចំណោមប្រទេសសមាជិកអាស៊ាន។ តែទោះជាយ៉ាងណាលោកស្រី ទទូចឲ្យកម្ពុជា ខិតខំពង្រឹងបន្ថែម និងកែប្រែលើចំណុចអវិជ្ជមានមួយចំនួន និងទទួលយកអនុសាសន៍ពីអង្គការសង្គមស៊ីវិលនានា ដើម្បីធ្វើឲ្យការគោរពសិទ្ធិមនុស្ស និងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែល្អប្រសើរ៕