(ជប៉ុន)៖ ប្រភពពីមន្ត្រីរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសជប៉ុន នឹងបន្ថែមថវិកាប្រមាណ ១ពាន់លានដុល្លារ ដែលបានគ្រោងទុកសម្រាប់បង្កើន សមត្ថភាពប្រព័ន្ធការពារមីស៊ីលផ្លោង នៅក្រោយការធ្វើតេស្តមីស៊ីលជាច្រើនលើកច្រើនសារ ដ៏មានអនុភាពរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០១៦។
ប្រភពដដែល និងសុំមិនបញ្ចេញអត្តសញ្ញាណ បានឲ្យដឹងទៀតថា ការចំណាយនេះ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងកញ្ចប់ថវិកា ដែលត្រូវបានស្នើសុំដោយរដ្ឋាភិបាល កាលពីខែមេសា រួមបញ្ចូលទាំងលុយសម្រាប់តម្លើងប្រព័ន្ធការពារមីស៊ីលថ្មីមួយ នៅក្នុងចំណោមប្រព័ន្ធ THAAD និង ប្រព័ន្ធ Aegis Ashore។ លើសពីនេះទៀត វាក៏រាប់បញ្ចូលទាំងលុយសម្រាប់បង្កើន រយៈចម្ងាយ និងភាពជាក់លាក់ របស់ប្រព័ន្ធ PAC-3 ដែលមានស្រាប់ផងដែរ។
យ៉ាងណាមិញ ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ឬមួយក៏ Aegis Ashore អាចនៅតែត្រូវការចំណាយពេលរាប់ឆ្នាំដើម្បីសម្រេចបាន ចំណែកឯការបង្កើនការចំណាយ ទៅលើប្រព័ន្ធ Patriot ក៏ទំនងជាមិនអាចបន្ថែមសមត្ថភាពទៅលើពួកវា បានលឿនជាងមុន ប៉ុន្មាននោះដែរ ដោយសារតែក្រុមហ៊ុនដែលពាក់ព័ន្ធ ក្នុងការពន្លឿនដំណើរការនេះ មានកាលវិភាគមមាញឹកពេក។
គួរបញ្ជាក់ថា បច្ចេកវិទ្យាមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង បានវិវត្តន៍ទៅមុខលឿនជាងការរំពឹងទុក ដែលធ្វើឲ្យប្រទេសជប៉ុនស្ថិតនៅក្នុងការគំរាមកំហែងខ្ពស់ជាងមុខ៕