(កំពង់ធំ)៖ មានករណីហួសចិត្តមួយ ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅខេត្តកំពង់ធំ នៅពេលក្រុមឈ្មួញ បានលិខិតចំណារដឹកឈើស្របច្បាប់ ពីអភិបាលខេត្តកំពង់ធំ ដោយក្នុងចំណារនោះបញ្ជាក់ថា ដឹកឈើយកទៅធ្វើផ្ទះ តែតាមការពិត ក្រុមឈ្មួញបានដឹកឈើទាំងនេះ យកទៅស្តុកទុកនៅដេប៉ូឈើមួយកន្លែង នៅខេត្តកំពង់ចាមទៅវិញ។ ប៉ុន្តែការលួចបន្លំរបស់ឈ្មួញដែលមានឈ្មោះថា «ទី» ល្បីខាងរកស៊ីខុសច្បាប់នោះ ត្រូវបានព្រះរាជអាជ្ញាខេត្តកំពង់ធំ ដឹកនាំកម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចុះបង្ក្រាបបាននៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិថ្មសំលាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
មន្រ្តីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានបញ្ជាក់ថា រថយន្តដឹកឈើខាងលើនេះ ជាប្រភេទរថយន្តយីឌុបធន់យក្ស ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ 2185 ដាក់ជាប់ និងកញ្ចក់ ដោយបានដឹកឈើចេញពីចំណុច៩៩ ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ មន្រ្តីរដ្ឋបាលព្រៃឈើ បានបន្តទៀតថា រថយន្តយីឌុបនេះផ្ទុកឈើចំនួន៤០ម៉ែត្រគូប លើសពីចំណារដែលសុំត្រឹមតែ១៨ម៉ែត្រគូបប៉ុណ្ណោះ ហើយបានដឹកជាច្រើនដង ក៏ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបតែម្តង។
យោងតាមលិខិតមួយច្បាប់ ដែលបានស្នើសុំច្បាប់ទៅអភិបាលខេត្តកំពង់ធំ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានធ្វើឡើងពីសំណាក់អ្នកស្រីវរសេនីយ៍ត្រី ឡេង សុគន្ធា អត្តលេខ១១៨០៤ នាយរងការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយស្នើសុំឈើគ្រឿងផ្ទះសរុប១៨ម៉ែត្រគូប។ ពេលនោះច្បាប់លោកអភិបាលខេត្ត បានចារឯកភាព ប៉ុន្តែចំណារស្របច្បាប់នេះ បែរជាធ្លាក់ទៅលើដៃឈ្មួញឈើ ពូកែរកស៊ីយ៉ាងសកម្មក្នុងការដឹក ជញ្ជូនឈើខុសច្បាប់ឈ្មោះ «ទី» ទៅវិញ។ ឈ្មួញរូបនេះ បានដឹកឈើជារៀងរាល់ថ្ងៃ ហើយមួយថ្ងៃៗ ដោយសំអាងលើចំណារនេះឈ្មួញខាងលើ បានដឹកជញ្ជូន៣ទៅ៤ដង ទើបបែកធ្លាយត្រូវកម្លាំងសមត្ថកិច្ចចំរុះចុះបង្ក្រាបតែម្តង។
មន្រ្តីរដ្ឋបាលព្រៃឈើថ្នាក់ខេត្តបានលួចបង្ហើបថា ឈ្មួញឈ្មោះ «ទី» បានដឹកឈើនេះដោយបានទិញច្បាប់ដឹកជញ្ជូនពីអ្នកស្រី ឡេង សុគន្ធា ដែលជាម្ចាស់ច្បាប់ ហើយដឹកឈើទៅដាក់ដេប៉ូឈើ នៅខេត្តកំពង់ចាម ដោយមិនបានដឹកឈើយកមកធ្វើផ្ទះនៅភូមិនបាល័ង្គ សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដូចការកាត់ត្រាក្នុងច្បាប់នោះទេ ហើយថែមទាំងដឹកគ្មានទីបញ្ចប់ បំភ័នភ្នែកសមត្ថកិច្ច ដោយយកចំណាអភិបាលខេត្តមកអាង។ ជាមួយគ្នានេះ លោក សុខ លូ អភិបាលរងខេត្តកំពង់ធំ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងបានបដិសេធ ទាំងស្រុង ចំពោះលើកឡើងនូវចំណាររបស់លោក ក្នុងច្បាប់សុំដឹកឈើ។
ចំណារនោះ បានសរសេរថា «យោងតាមចំណារចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ របស់ឯកឧត្តម សុខ លូ អភិបាលរងខេត្តកំពង់ធំ»។ លោក សុខ លូ បានបញ្ជាក់ថា «ខ្ញុំពុំដែលចេញចំណារឲ្យអ្នកណាដឹកឈើម្តងណាឡើយ មិនដែលទាល់តែសោះ និងសុំឲ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើស្រាវជ្រាវឲ្យច្បាស់ និងដាក់ទម្ងន់ទោសឲ្យធ្ងន់ចំពោះការអះអាង លើការដឹកឈើដោយខុសច្បាប់នេះ»។
លោក ស៊ុត ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានបញ្ជាក់នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះថា ឈើដែលត្រូវបង្ក្រាបបានកាលពីយប់មិញនេះ គឺនៅរក្សាទុកនៅកន្លែងរបស់លោក ប៉ុន្តែមិនទាន់បានវាស់វែងនៅឡើយទេនោះទេថា មានចំនួនម៉ែត្រគូប៕