(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចាន្នី ក្រុមគ្រួសារ និងសហការី បានហែអង្គកឋិនទាន មកវត្តប្រជុំនទី ហៅ វត្តក្រពើហា ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋស្ថិតក្នុងក្រុង តាខ្មៅខេត្តកណ្តាល ប្រមាណជាង ២,៥០០នាក់។
ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ នាយឧត្តមសេនីយ៍ បានថ្លែងការកោតសរសើរដល់ព្រះចៅអធិការវត្ត ព្រះឃោសធម ញ៉ែម សុភ័ក្រ ដែលបានដឹកនាំកសាង វត្តក្រពើហា រីកចំរើនមកដល់សព្វថ្ងៃ នេះបញ្ជាក់ឲ្យឃើញថា ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ប្រែក្លាយប្រទេសកម្ពុជា ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង ក៏បានរំលឹក និងលើកឡើងពីទុក្ខលំបាកវេទនារកទីបំផុតគ្មាន ក្នុងរបបកម្ពុជាប្រជាធិបតី ហើយសម័យនោះ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីទេ ដែលបានខិតខំតស៊ូ ហ៊ានប្តូរជីវិត សាច់ស្រស់ ឈាមស្រស់ ដឹកនាំរំដោះ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតធ្វើឲ្យប្រទេសជាតិរក្សាបាននូវសុខសន្តិភាព សេ្ថរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
ក្នុងនោះដែរ គណៈអធិបតីសូមរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ ក្នុងពិធីហែ អង្គកឋិនទាននោះដែរ នាយឧត្តមសេនីយ៍ និងលោកជំទាវ បានប្រគេនបច្ច័យសង្កត់ត្រ័យ ២រយលានរៀល និងជូនគណៈកម្មាការវត្ត ៣,៤០០,០០០រៀល។
នាយឧត្តមសេនីយ៍ ក៏បានពាំនាំអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនប្រជាពលរដ្ឋជាង ២,៥០០នាក់ និងជួយឧបត្ថម្ភម៉ូតូ C125 ៧គ្រឿង ដល់សង្កាត់ទាំង៦ និងក្រុងតាខ្មៅផងដែរ៕