(ពោធិ៍សាត់)៖ អគ្គនាយកក្រុមហ៊ុន សែវឌឺឡាហ្វស៍( ខេមបូឌា) ឯ.ក លោក ស៊ី ឡែន មាន​ប្រសាសន៍​ថា ក្រុមហ៊ុនរបស់លោកគឺជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលផលិតជីសរីរាង្គ​ធម្មជាតិ បង្កើតឡើងនៅដើមឆ្នាំ២០២៤ នៅក្នុងភូមិបន្ទាយដីលើ ឃុំបន្ទាយដីលើ ក្រុងពោធិសាត់ ខេត្តពោធិសាត់ កំពុងទទួលបានសន្ទុះផុសផុលគាំទ្រពីពលរដ្ឋ ក្នុង​ការ​ទិញ​ជីសរីរាង្គពីក្រុមហ៊ុនលោកនាពេលបច្ចុប្បន្ន។ លោក ស៊ី ឡែន បានបញ្ជាក់​ឱ្យដឹងថា ការផលិតជីសរីរាង្គបាន ដោយសារការប្រមូលសំណល់ពីផ្ទះបាយ សំណល់​បន្លែផ្លែឈើពីទីផ្សារ និងមានលាមកសត្វរួមមាន៖ លាមកគោ មាន់ ប្រចៀវ និង​សារ​ធាតុ​​ផ្សេងៗ ដែលទាំងអស់នេះជាធាតុផ្សំបង្កើតបានជាជីសរីរាង្គ។

លោកអគ្គនាយកបានលើកឡើងទៀតថា អត្ថប្រយោជន៍នៃការប្រើជីសរីរាង្គ​ធម្មជាតិ​គឺទី១.ជួយនូវបម្រែបម្រួលស្ថានភាពដី ឱ្យមាននិរន្តរភាពល្អបានយូរ ទី២.ជួយឱ្យ​ដំណាំ និង​បន្លែ​ផ្លែឈើ​មាន​សារធាតុចិញ្ចឹមល្អ និងទី៣.ទិន្នផលផលកសិកម្មដែល​ដាំដុះ​ដោយប្រើជីសរីរាង្គធ្វើឱ្យដំណាំផ្លែឈើធម្មជាតិ លើកកម្ពស់នូវសុខមាល​ភាព​ប្រជាពលរដ្ឋ។ លោកថាការផលិតជីបានក្នុង១ថ្ងៃបាន៤០តោន នៅក្រុមហ៊ុនលោក បានចែកចាយ​លក់ដល់ប្រជាកសិករអ្នកប្រើប្រាស់ផ្ទាល់ និងដាក់ទៅម្ចាស់ដេប៉ូនានា ដែល​យកទៅលក់បន្ត។

លោកអគ្គនាយកក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានថ្នាក់ដឹកនាំដែលចុះមកពិនិត្យផ្ទាល់ដល់ក្រុមហ៊ុន ដែល​ជាចំណែកមួយកំពុងជំរុញដល់សិប្បករ ដែលផលិតនូវផលិតផលក្នុងស្រុក គាំទ្រដល់​ការផលិត និងការប្រើប្រាស់ជីសរីរាង្គផលិតក្នុងស្រុកឱ្យកាន់តែទូលំទូលាយថែមទៀត ជួយកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ ជួយកម្ពស់ជីវភាពប្រជាកសិករ៕