(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារបច្ចេកទេស និងកម្លាំងគ្រឿងចក្រ រួមទាំងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ បន្តចុះទប់ទំនប់ស្ទឹងព្រែកត្នោត ស្ថិតក្នុងខណ្ឌដង្កោ ដែលត្រូវជំនន់ទឹកភ្លៀងហូរច្រោះដាច់មួយចំនួន។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារភ្លៀងធ្លាក់២ថ្ងៃ ជាប់ៗគ្នា ក្នុងបរិមាណជាង២០០មីលីម៉ែត្រ បានបង្កឱ្យមានជំនន់ទឹកភ្លៀង នៅភាគខាងត្បូងខេត្តកំពង់ស្ពឺ ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត ក៏មានការកើនឡើងយ៉ាងគំហកផងដែរ ដែលធ្វើឱ្យមានការប៉ះពាល់ដល់ទំនប់សណ្តរស្ទឹងព្រែកត្នោតខាងលើ រងនូវការហូរច្រោះជារន្ធនាគ។

ចំពោះមុខបញ្ហានេះលោករដ្ឋមន្រ្តី លឹម គានហោ បានផ្អាកដំណើរបំពេញបេសកកម្ម ចុះទៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ដើម្បីវិលមកដោះស្រាយបញ្ហាបង្វែរទឹកជំនន់ នៅខេត្តកំពង់ស្ពឺ និងទប់ស្កាត់ការហូរច្រោះទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលការពាររាជធានីភ្នំពេញ និងខេត្តកណ្តាលវិញ៕