(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជួបពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ដោយមានការចូលរួមគាំទ្រ ពីកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ត កំលាំងកងរាជអាវុធហត្ថខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងអ្នកពាក់ព័ន្ធ, យើងបានចូលរួមផ្សព្វផ្សាយក្នុងពិធីតាំងពីពណ៌ដើម្បី អបអរសាទរឆ្លងឆ្នាំថ្មីសាកល២០២៥។
បណ្ឌិត តូច ប៉ូលីវ៉ា បានប្រាប់ពីគោលបំណងថា ដើម្បីលើកកម្ពស់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ ក៏ដូចជាសាធារណជនដែលមកទស្សនាខេត្តកំពង់ស្ពឺទាំងអស់ ពីបញ្ហាគ្រឿងញៀនក៏ដូចជា App NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីពួកគាត់បានដឹងកាន់តែច្បាស់ហើយពួកគាត់អាចចូលរួមជាមួយអាជ្ញាធរ មូលដ្ឋានក្នុងការបង្ការទប់ស្កាត់ បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ពួកគាត់។
ក្នុងនាមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ, បណ្ឌិត តូច ប៉ូលីវ៉ា សូមថ្លែងអំណរគុណ និងកោតសរសើរកម្លាំងមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធរបស់យើងដែលបានចូលរួមសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និង App NoDrug។
ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានជម្រាបជូនថា ការផ្សព្វផ្សាយនេះយើងធ្វើជាលក្ខណៈទូទៅគ្រប់រាជធានីខេត្តតាមគ្រប់រូបភាពលទ្ធភាព សំដៅធ្វើយ៉ាងណា ពញ្ញាក់នូវស្មារតីរបស់ប្រជាពលរដ្ឋឲ្យចូលរួមដើម្បីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងសហគមន៍របស់យើង និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ប្រើប្រាស់ App NoDrug ទាំងអស់គ្នាដើម្បីរួមគ្នាធ្វើឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធភាពនិងមានដំណោះស្រាយរាល់ករណីគ្រឿងញៀន៕