(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ ក្នុងនាមជាអ្នកសារព័ត៌មានជិត៤០ឆ្នាំ និងជាអ្នកដែលបានសរសេរសៀវភៅ យុទ្ធសាស្រ្ត DIFID បានលើកឡើងថា សង្រ្គាមដែលបានកើតឡើងក្នុងប្រទេសកម្ពុជា តែងកើតឡើងដោយសារលេសនយោបាយជានិច្ច ហើយត្រូវបានគេធ្វើមិនដឹងមិនលឺព្រោះតែកម្ពុជាមិនមែនជាអាទិភាពរបស់គេ។ លោកបានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា ការធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ នាឆ្នាំ១៩៧០ បង្ករឡើងដោយសារតែការចោទប្រកាន់សម្ដេចថាបានលក់ទឹកដីទៅឱ្យវៀតណាមខាងជើងរហូតកើតមានរដ្ឋប្រហារ។ ប៉ុន្តែនៅក្រោយការធ្វើរដ្ឋប្រហារមិនមានការលក់ទឹកដីដូចការចោទប្រកាន់នោះឡើយ ផ្ទុយទៅវិញការធ្វើរដ្ឋប្រហារនោះ បានធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងរបបប្រល័យពូជសាស្រ្ត ប៉ុល ពត។

យ៉ាងណាមិញបើតាមលោក ម៉ារ យ៉ារិទ្ធិ សហរដ្ឋអាមេរិក និងបណ្ដារប្រទេសផ្សេងទៀតបានអះអាងថា ខ្លួនមិនបានដឹងថារបបខ្មែរក្រហម មានការសម្លាប់រង្គាលប្រជាជនស៊ីវិល បែបនេះឡើយ។ ប៉ុន្តែលោក អ្នកសរសេរសៀវភៅយុទ្ធសាស្រ្ត DIFID បានលើកឡើងថា មិនមែនគេមិនដឹងថាកម្ពុជា មានការសម្លាប់រង្គាលនោះទេ តែដោយសារពេលនោះ កម្ពុជាមិនស្ថិតនៅក្នុងភូមិសាស្រ្តនយោបាយរបស់ប្រទេសមហាអំណាចទាំងនោះ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖