(ប៉ៃលិន)៖ មន្រ្តីសាខាកាំកុងត្រូលប្រចាំខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាព ដែលដាក់លក់នៅតាមទីតាំងចំនួន៣កន្លែង ដូចជា ក្នុងភូមិបរយ៉ាខា ភូមិបតាំងស៊ូ ភូមិបហ៊ុយ ស្ថិតក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានសម្ដែងពីការព្រួយបារម្ភ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ ដែលពួកគាត់តែងតែទិញទំនិញយកទៅប្រើប្រាស់ ជារៀងរាល់ថ្ងៃ ទាំងដែលមិនដឹងថា ទំនិញនោះមានគុណភាព ឬគ្មានគុណភាព ដូច្នេះហើយ ទើបលោកបានអំពាវនាវឲ្យអាជីវករ អ្នកលក់ដូរទាំងអស់ ត្រូវយកចិត្តដាក់មើលគុណភាពទំនិញឲ្យបានត្រឹមត្រូវ ជៀសវាងការប៉ះពាល់ដល់សុខភាព។
លោកបន្តថា ទោះបីជាសាខាកាំកុងត្រូលខេត្តប៉ៃលិន តែងតែចុះពិនិត្យទំនិញជារៀងរាល់ខែក៏ដោយ ក៏នៅតែមានទំនិញខូចគុណភាព បានដាក់តាំងលក់នៅតាមតូបខ្លះៗដែរ ព្រោះដោយសារអាជីវករមិនបានមើលដិតដល់។
ពេលចុះត្រួតពិនិត្យទំនិញនៅតាមតូបនីមួយៗ លោក សាន វិជ្ជាសារ៉ាវុធ បានធ្វើការពន្យល់ណែនាំដល់អាជីវករទាំងអស់ កុំយកទំនិញណាដែលខូចគុណភាព ទំនិញដែលមិនមានច្បាប់អនុញ្ញាត និងទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ មកដាក់តាំងលក់ជាពិសេស មីកំទិចតូចៗ ទឹកខ្មេះរូបទន្សាយ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង គឺហាមលក់នៅលើទីផ្សារ និងតាមតូបជាដាច់ខាត។
លោកបានអំពាវនាវឱ្យអាជីវករទាំងអស់ មុនពេលទិញទំនិញយកមកដាក់តាំងលក់ ត្រូវពិនិត្យមើលកាលបរិច្ឆេទផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូល ចុះពិនិត្យឃើញហួសកំណត់ ហើយដកហូតយក ដែលនាំឲ្យខាតបង់សេដ្ឋកិច្ចគ្រូសារ ខាតបង់វេលា និងប្រាក់កាក់ផងដែរ។
សូមបញ្ជាក់ថា ក្នុងពេលចុះពិនិត្យគុណភាពទំនិញខាងលើ សមត្ថកិច្ចកាំកុងត្រូលខេត្ត បានដកហូតទំនិញខូចគុណភាពមួយចំនួន រួមមាន៖ ទឹកក្រូច៣៣ដប មីកំប៉ុង៣កំប៉ុង ទឹកដោះគោជូ១ដប អូវ៉ាន់ទីន១កំប៉ុង ម្សៅស៊ុបរ៉តឌី ៦៥កញ្ចប់តូច ទឹកខ្មេះទន្សាយ៥ដប និងទឹកឌីដូ២៨ដប ដើម្បីយកទៅកម្ទិចចោល៕