(ភ្នំពេញ)៖ ក្រុមគ្រួសារកីឡាតេក្វាន់ដូ WT នៅទូទាំងប្រទេស បានសម្តែងក្តី​សោមនស្សរីករីករាយ និងអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីកម្ពុជា រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និងកីឡា ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធាន​ខេមរ​សហ​ព័ន្ធតេក្វាន់ដូសម្រាប់អាណត្តិទី៧ (២០២៤-២០២៨)។

ការបោះឆ្នោតនេះធ្វើឡើងនៅក្នុងមហាសន្និបាតរបស់ខេមរសហព័ន្ធតេក្វាន់ដូកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនៃការទទួលបានការគាំទ្រពីមហាសន្និបាតខេមរសហព័ន្ធតេក្វាន់ដូ ធ្វើជាប្រធានសម្រាប់អាណត្តិទី៧នេះ ក្រុមគ្រួសារកីឡាតេក្វាន់ដូ WT គោរពជូនលោកបណ្ឌិតសភាចារ្យ ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងជួបតែសេចក្តីសុខ សេចក្តីចម្រើ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹក​ហ្វឺន​​កីឡា លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានអញ្ជើញជា​អធិបតី ក្នុង​មហាសន្និបាតបញ្ចប់អាណត្តិទី៦ (២០២០-២០២៤) និងបន្តអាណត្តិ​ទី៧ (២០២៤-២០២៨) របស់ខេមរសហព័ន្ធតេក្វាន់ដូ និងពិធីសម្ពោធ​ដាក់​ឱ្យ​​ប្រើ​ប្រាស់ អគារថ្មីរបស់ស្ថាប័ន KUKKIWON ប្រចាំកម្ពុជា។

ក្នុងពិធីនោះលោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះលោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹង​ប្រែង​ហ្វឹកហាត់ នៅក្នុងការលើកស្ទួយវិស័យកីឡានៅកម្ពុជា ជាពិសេស​ចំពោះ​កីឡាតេក្វាន់ដូនេះផ្ទាល់ កំណែទម្រង់វិស័យកីឡាក្នុង​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ដែលចាប់ផ្ដើមពីការកែលម្អបរិស្ថាន ធានាបាននូវសន្តិសុខ និង​សុវត្ថិភាពសម្រាប់អ្នកហាត់កីឡា ក៏ដូចជារៀបចំឱ្យមានការប្រកួត​កម្រិត​អន្តរ​ជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាបាន​ធ្វើជាម្ចាស់​ផ្ទះ​ដែល​ប្រព្រឹត្តបានរលូនល្អ ចូលរួមចំណែកលើកស្ទួយសាធារណជនឱ្យ​ស្រឡាញ់វិស័យកីឡា ជាពិសេសបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡា​មួយប្រភេទយ៉ាង​តិច​ប្រចាំជីវិត» របស់រាជរដ្ឋាភិបាល។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធតេក្វាន់ដូ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកពាក់​ព័ន្ធ​នៃខេមរសហព័ន្ធតេក្វាន់ដូ ដែលសម្រេចបានសមិទ្ធផលនាពេលកន្លង​មកនេះ និងលើកទឹកចិត្តដល់គ្រូបង្វឹកកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធ​ទាំង​អស់ បន្តខិតខំប្រឹងប្រែង ប្រកាន់ខ្ជាប់នូវវិន័យក្នុងការហ្វឹកហាត់​ឱ្យបាន​ល្អ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ និងជាពិសេសត្រៀមឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ីលើកទី៥ (5th Asian Youth Games) នា ឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ៕